(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបិទ និងចែកវិញ្ញាបនបត្រជូនដល់សិក្ខាកាមដែលបានចូលរួមសិក្ខាសាលាវគ្គបញ្ចប់ នៅក្នុងគម្រោងលេខ៨១ របស់មជ្ឈមណ្ឌលឧត្តមភាពកាត់បន្ថយហានិភ័យផ្នែកគីមីសាស្ត្រ ជីវសាស្រ្ត វិទ្យុសកម្ម នុយក្លេអ៊ែរ នៃសហភាពអឺរ៉ុប(EU CBRN CoE) - BIOSEC ស្តីពី ការគ្រប់គ្រងឱ្យកាន់តែប្រសើរឡើងនូវសន្តិសុខជីវសាស្រ្ត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (Enhanced Biosecurity in South East Asia) ប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៥-៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency។

គម្រោងលេខ៨១នេះ ត្រូវបានអនុវត្តដោយកិច្ចសហការរវាងអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី នៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលឧត្តមភាពកាត់បន្ថយហានិភ័យផ្នែកគីមីសាស្ត្រ ជីវសាស្រ្ត វិទ្យុសកម្ម នុយក្លេអ៊ែរ នៃសហភាពអឺរ៉ុប (EU CBRN CoE) តាំងពីឆ្នាំ២០២៣មក មានចំនួន០៦លើក និងមានសិក្ខាកាមចូលរួមសរុបចំនួនជាង ២០០រូប មកពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធនានាដូចជា: ក្រសួងសុខាភិបាល, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងការពារជាតិ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, វិទ្យាស្ថានប៉ាស្ទ័រ និងវិទ្យាស្ថានជាតិសុខភាពសត្វ និងផលិតកម្មសត្វ។

ឆ្លៀតក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក John Jones ប្រធានគម្រោង EU CBRN CoE លេខ៨១ និងអ្នកជំនាញសហភាពអឺរ៉ុបជាច្រើនរូបទៀត ដែលតែងតែជួយគាំទ្រក្នុងការរៀបចំសិក្ខាសាលានេះឡើង ដើម្បីបណ្តុះបណ្តាលសមត្ថភាពបន្ថែមដល់មន្រ្តីជំនាញរបស់ព្រះរាជាណាចក្រកម្ពុជា ហើយការចូលរួមនៅក្នុងគម្រោងនេះ ក៏ជាការរួមចំណែកមួយយ៉ាងសំខាន់នៅក្នុងការអនុវត្តអនុសញ្ញាអាវុធជីវសាស្រ្ត (Biological Weapons Convention - BWC) នៃអង្គការសហប្រជាជាតិ ដែលព្រះរាជាណាចក្រកម្ពុជាបានចូលជារដ្ឋភាគីតាំងពីឆ្នាំ១៩៨៣ មកម្ល៉េះ។

កម្មវិធីសិក្ខាសាលានៃគម្រោងលេខ៨១ត្រូវបានបញ្ចប់ទៅដោយរលូន ទទួលបានលទ្ធផលល្អប្រសើរ ហើយលោក John Jones ក៏បានសន្យាផងដែរថា លោក និងអ្នកជំនាញសហភាពអឺរ៉ុប នៅតែបន្តជួយគាំទ្រ និងអនុវត្តគម្រោងលេខ១០៦ របស់ EU CBRN CoE ស្ដីពី CBRN Table top and field Exercises, Simulations, Training (TEST) to mitigate risks ចាប់ពីដើមខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ រហូតដល់ឆ្នាំ២០២៧ នៅក្នុងព្រះរាជាណាចក្រកម្ពុជាបន្តទៀត៕