(ភ្នំពេញ)៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាថា ជាមិត្តដ៏ល្អ របស់ប្រជាជន និងប្រទេសថៃ។ លោក ប្រាយុទ្ធ ថែមទាំងបានចាត់ទុកវត្តមានសម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលស្តីពីកិច្ចសន្ទ នា នៃកិច្ចសហប្រតិបត្តិការអាស៊ីលើកទីថាជាវត្តមាន ដ៏មានសារៈសំខាន់។
លោក ប្រាយុទ្ធ ចាន់អូចា បានលើកឡើងដូច្នេះក្នុងឱកាសជួបសំណេះសំណាល និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាទីក្រុងបាងកក ប្រទេសថៃ នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ម្សិលមិញ។
ក្នុងជំនួបពិភាក្សានេះប្រមុខដឹកនាំកម្ពុជា-ថៃ បានចាត់ទុកទំនាក់ទំនងប្រទេសទាំងពីរមានសារៈសំខាន់បំផុត ដែលត្រូវតែប្រឹងប្រែងពង្រឹង និងពង្រីកឲ្យកាន់បានកាន់តែខ្លាំងក្លាថែមទៀត ដើម្បីនាំមកនូវប្រយោជន៍ថ្មីៗសម្រាប់ប្រជាជន និងប្រទេសទាំងពីរផងដែរ។
ដើម្បីបង្កើននូវទំនាក់ទំនងទ្វេភាគីរវាងប្រទេស ក៏ដូចជាប្រជាជនប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរសម្តេចតេជោ ហ៊ុន សែន និង លោក ប្រាយុទ្ធ បានជំរុញឲ្យមានការបើកច្រកព្រំដែនអន្តរជាតិថ្មីនៃប្រទេសទាំងពីរឲ្យបានចេញជារូបរាងពិតប្រាកដឲ្យបានឆាប់ដោយមិនរង់ចាំ ការបោះបង្គោលព្រំដែន ហើយការបិទ ឬបើកច្រកព្រំដែនមិនត្រូវធ្វើឡើងដោយឯកតោភាគី ពោលការធ្វើអ្វីមួយត្រូវរាយការណ៍ជូន ប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរជាមុន។
នាយករដ្ឋមន្រ្តីកម្ពុជា-ថៃ ក៏បានឯកភាព ឲ្យគណៈកម្មការព្រំដែន នៃប្រទេសទាំងពីរ បន្តការពិភាក្សាជាបន្តទៅទៀត បន្ទាប់ពីការអាក់ខាន ជួបពិភាក្សាគ្នាជាង២ឆ្នាំមកនោះ។ មេដឹកនាំទាំងពីរ ក៏បានសំដែងនូវការរីករាយ ចំពោះការតភ្ជាប់ផ្លូវរថភ្លើង នៃប្រទេសទាំងពីរដែល គ្រោងប្រារព្វពិធីសម្ពោធនៅចុងឆ្នាំ២០១៦នេះ។
ក្នុងជំនួបដដែលនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរចំពោះជោគជ័យ នៃការធ្វើប្រជាមតិក្នុងការកែរដ្ឋធម្មនុញ្ញរបស់ប្រ ទេសថៃ ដែលបានធ្វើឡើងនាកន្លងមក។ សម្តេចតេជោ មានប្រសាសន៍សង្កត់ធ្ងន់ថា សម្រាប់ប្រទេសកម្ពុជា-ថៃ ការសម្រេចចិត្ត របស់ប្រជាជន គឺពិតជាមានសារៈសំខាន់ ព្រោះថាការធ្វើប្រជាមតិ និងការបោះឆ្នោត គឺផ្តើមចេញពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋ ដោយគ្មាននណាទៅបំភិតបំភ័យ ឬការបង្វិតបង្ខំនោះឡើយ៕