(ភ្នំពេញ)៖ កម្មវិធីបើក «ដំណើរភាពយន្តចល័តកម្ពុជា-ចិន» លើកទី៨ ដែលសហការរៀបចំឡើងដោយ មជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និង អាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន ស្ថានទូតចិនប្រចាំនៅកម្ពុជា និង ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ត្រូវបានប្រព្រឹត្តទៅនៅរោងភាពយន្ត លេជេន សាខាអូឡាំព្យ៉ា រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ លោក Chen Cong អគ្គទីប្រឹក្សាអមស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ព្រមទាំងតំណាងមន្ត្រីរាជការ ក្រសួងស្ថាប័ន សហគ្រាស សិស្សនិស្សិត និង ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗមកពីប្រទេសចិន និង កម្ពុជា បានមានវត្តមានអញ្ជើញចូលរួមក្នុងពិធីបើកនេះ និងបានទស្សនាភាពយន្តចិន រឿង «ជីវិតលើភ្លើង» ដែលមានបញ្ចូលសំឡេងជាភាសាខ្មែរ។ ក្នុងសន្ទរកថា លោក ហាប់ ទូច បានថ្លែងកោតសរសើរខ្ពស់ចំពោះការលះបង់ និង ការខិតខំប្រឹងប្រឹងរបស់ក្រុមចាក់បញ្ចាំងភាពយន្ត សហការដោយភាគីកម្ពុជា និង ភាគីចិន ក្នុងការនាំយកភាពយន្តទៅចាក់បញ្ចាំងជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ភូមិស្រុកជនបទដាច់ស្រយាល បានទស្សនា។

លោក ហាប់ ទូច បានថ្លែងថា ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តកម្ពុជា-ចិន» ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា និងមានការគាំទ្រកាន់តែច្រើនឡើងៗពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ដែលបានចូលរួមទស្សនា យ៉ាងច្រើនកុះកររាល់ការចាក់បញ្ចាំងភាពយន្តនៅតាមតំបន់នានាក្នុងបណ្តារាជធានី-ខេត្ត។ តាមរយៈខ្សែភាពយន្តទាំងនេះ ប្រជាជនកម្ពុជាមានឱកាសបានស្វែងយល់កាន់តែទូលំទូលាយអំពីវប្បធម៌ ប្រពៃណី ប្រវត្តិសាស្រ្ត និងសង្គមបច្ចុប្បន្នរបស់ប្រទេសចិន។

លោក ហាប់ ទូច បានថ្លែងបន្តទៀតថា វិស័យវប្បធម៌រួមចំណែកដ៏សំខាន់ ជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន រវាងសង្គមនិងសង្គម ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងសហគមន៍ជោគវាសនារួម ដោយការរួមរស់ជាមួយគ្នាប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ។ ការរៀបចំព្រឹត្តិការណ៍ដំណើភាពយន្តចល័តកម្ពុជា-ចិននេះ ពិតជាមានសារៈសំខាន់ ក្នុងការរួមចំណែក លើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។ ជាងនេះទៀត ឆ្នាំ២០២៤នេះ គឺជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន» ប្រកបដោយគុណតម្លៃ និងអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលនាំមកនូវ សុខសន្តិភាព និងវិបុលភាពរួម។

លោក An Xiaoyu និពន្ធនាយករងប្រចាំការនៃCGTN និង ជាប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និង អាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមរយៈប្រព័ន្ធវីដេអូ ដោយបានលើកឡើងថា ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តកម្ពុជា-ចិន» នេះ មិនត្រឹមតែជាការចែករំលែកសិល្បៈភាពយន្តមួយលើកប៉ុណ្ណោះទេ តែក៏ជាឱកាសសម្រាប់ទំនាក់ទំនងវប្បធម៌ និង ទំនាក់ទំនងមនោសញ្ចេតនា មួយដែលកម្ររកបានផងដែរ»។

លោកបានថ្លែងថា ឆ្នាំនេះ ជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ប្រទេសទាំងពីរបានមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ នៅលើវិស័យផ្សេងៗដូចជាវប្បធម៌ សិល្បៈ ទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្មជាដើម ហើយតាមរយៈស្នាដៃភាពយន្តឆ្នើម និង សេចក្ដីរាយការណ៍ព័ត៌មាន ក៏បានជំរុញការទទួលស្គាល់ពីគ្នាទៅវិញទៅមក។ ភាពយន្តឆ្នើមនីមួយៗ ដែលព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តកម្ពុជា-ចិន» បានពាំនាំមកនេះ សុទ្ធតែបានផ្ទុកនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ បង្កប់នូវបំណងប្រាថ្នាវប្បធម៌មនុស្សសាស្ត្ររួមគ្នារបស់ពួកយើង ហើយក៏តំណាងឱ្យការខិតខំប្រឹងប្រែងរួមចំណែកប្រកបដោយអត្ថន័យ ដែលពួកយើងបានធ្វើដើម្បីអនុវត្ត «គំនិតផ្ដួចផ្ដើមអរិយធម៌សកល» ដែលបានលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន។
លោក Chen Cong បានលើកឡើងថា ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តកម្ពុជា-ចិន» ជាមធ្យោបាយដ៏សំខាន់ ដែលបានបញ្ជូនភាពយន្តទៅក្បែរមហាជន នៅតំបន់មូលដ្ឋាន បានដើរតួនាទីសំខាន់ក្នុងការបន្ថែមជីវភាពវប្បធម៌ នៅតំបន់មូលដ្ឋានកម្ពុជា និងបានបង្កើនការយល់ដឹង និងរាប់អានគ្នារវាងប្រជាជនចិន និងកម្ពុជា។ ២០២៤នេះជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ចិននិងកម្ពុជា» ដែលកំណត់រួមគ្នាដោយលោក Xi Jinping ប្រធានរដ្ឋចិន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជានិមិត្តសញ្ញាមួយ ក្នុងប្រវត្តិសាស្ត្រផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរ។ ប្រទេសទាំងពីរ បានរៀបចំព្រឹត្តិការណ៍ជាច្រើនយ៉ាងសម្បូរបែប ដើម្បីបន្តធ្វើឱ្យការផ្លាស់ប្តូរប្រជាជន និងប្រជាជន រវាងកម្ពុជានិងចិនកាន់តែញឹកញាប់។

លោកជឿជាក់ថា ការផ្លាស់ប្តូរនៃប្រជាជននិងប្រជាជនដែលប្រកបដោយភាពរស់រវើក នឹងបំពេញបន្ថែមនូវខ្លឹមសារកាន់តែសម្បូរបែបដល់មិត្តភាព ដែកថែបចិននិងកម្ពុជា ដើម្បីពង្រឹងមូលដ្ឋានកាន់តែរឹងមាំ សម្រាប់ការរួមគ្នាកសាងសហគមន៍រួមជោគវាសនាកម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

ក្នុងព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តកម្ពុជា-ចិន» ដែលបានចាប់ផ្ដើមរៀបចំធ្វើតាំងពីឆ្នាំ២០១៦មក ក្រុមចាក់បញ្ចាំងភាពយន្តកម្ពុជាចិន ដែលសហការរៀបចំដោយវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន និង នាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានធ្វើដំណើរឆ្លងកាត់ ២៥ រាជធានី ខេត្ត ទូទាំងប្រទេសកម្ពុជា ដោយបាននាំមកនូវភាពយន្តកម្ពុជាចិនដ៏ឆ្នើម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ មកចាក់បញ្ចាំងជូនប្រជាពលរដ្ឋជាង ១សែននាក់ ក្នុងភូមិស្រុកទូទាំងប្រទេសកម្ពុជា បានទស្សនា ធ្វើឱ្យព្រឹត្តិការណ៍នេះ ក្លាយជាព្រឹត្តិការណ៍ផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិនដ៏មានសារៈសំខាន់មួយ។

ក្រោយពីដំណើរភាពយន្តចល័តនេះ ត្រូវបានប្រកាសបើកជាផ្លុវការ ក្រុមចាក់បញ្ចាំងភាពយន្តកម្ពុជាចិន នឹងបន្តដំណើរចាក់បញ្ចាំងភាពយន្តចល័តនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និង ខេត្តកណ្ដាល ចាប់ពីខែវិច្ឆិកា ដល់ពាក់កណ្ដាលខែធ្នូ ដោយមានចាក់បញ្ចាំងនូវភាពយន្តខ្មែរ និង ភាពយន្តចិន ដូចជា រឿង «ជីវិតលើភ្លើង» រឿង «ខ្ញុំមិនមែនជាអ្នកស្នងមរតកទេ» និង រឿង «លោកប្ដី»ជាដើម៕