(ភ្នំពេញ)៖ លោកវរសេនីយ៍ឯកពិសេស WU Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូយោធាចំនួន៦រូប មកបំពេញទស្សនិច្ចនៅទីស្នាក់កណ្តាលរបស់បណ្តាញព័ត៌មាន Fresh News ដើម្បីស្វែងរយល់ និងស្នើសុំចែករំលែកបទពិសោធន៍ តាមរយៈសួរសំណួរជាច្រើនជាមួយលោក លឹម ជាវុត្ថា។
ដំណើរទស្សនកិច្ចរបស់អ្នកនាំពាក្យក្រសួងការពារជាតិចិននេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ទាក់ដោយ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកបណ្តាញព័ត៌មាន Fresh News និង CoolApp អមដោយថ្នាក់ដឹកនាំ និងបុគ្គលិកមួយចំនួន។
វរសេនីយ៍ឯកពិសេស WU Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន និងជានាយក នៃនាយកដ្ឋានព័ត៌មានការិយាល័យ កិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ នៃគណៈកម្មាធិការយោធាមជ្ឈិមចិនដែរនោះ បានសម្តែងនូវសេចក្តីរីករាយ ដែលបានមកទស្សនកិច្ចនៅស្នាក់ការកណ្តាលបណ្តាញព័ត៌មាន Fresh News នៅក្នុងប្រទេសកម្ពុជា។
លោកបានស្នើសុំឱ្យ លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News ចែករំលែកនូវបទពិសោធន៍ ជាពិសេសកត្តាដែលនាំឱ្យ បណ្តាញព័ត៌មាន Fresh News ទទួលបានជោគជ័យរហូតមក។
លោក លឹម ជាវុត្ថា បានលើកឡើងថា មានកត្តា៣ចំណុច ដែលជំរុញឱ្យ Fresh News ទទួលបានជោគជ័យ ក្នុងនោះមានលោកមាន បទពិសោធន៍ប្រមាណ២០ឆ្នាំ ក្នុងវិស័យព័ត៌មាន, លោកក៏ជាអ្នកជំនាញយល់ដឹងផ្នែកបច្ចេកវិទ្យា និងជាពិសេសលោកមានក្រុមការងារជំនាញៗ ដែលក្នុងនោះក៏មានថ្នាក់ដឹកនាំជាសេនាធិការ និងទីប្រឹក្សាល្អៗគ្រប់ផ្នែកផងដែរ។
លោក លឹម ជាវុត្ថា បានសង្ខេបអំពីប្រវត្តិនៃការបង្កើតស្ថាប័នព័ត៌មាន Fresh News ដែលរហូតមដល់ពេលនេះ មានរយៈពេល១០ឆ្នាំមកហើយ និងបានបន្តផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបច្ចេកវិទ្យាឌីជីថល និងបណ្តាញសង្គម។ លោកអះអាងដែរថា Fresh News ដែលមាន៣ភាសា (ខ្មែរ, អង់គ្លេស និងចិន) តែងផ្សព្វផ្សាយអំពីសកម្មភាពនានា នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និងសកម្មភាពសំខាន់ៗរបស់ប្រទេសចិនផងដែរ។
ក្រោយជជែកពិភាក្សា និងសួរសំណួរជាច្រើន, លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន លើកឡើងដោយសរុបជារួមថា លោក លឹម ជាវុត្ថា មាន៣ចំណុច ដែលធ្វើឲ្យបណ្តាញព័ត៌មាន Fresh News ទទួលបានជោគជ័យ, ទី១៖ លោកយល់ដឹងផ្នែកព័ត៌មាន ទី២៖ យល់ដឹងផ្នែកបច្ចេកវិទ្យា ទី៣៖ យល់ដឹងផ្នែកនយោបាយ។
ចុងក្រោយ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានថ្លែងអំណរគុណចំពោះ ស្ថាបនិក និងជាអគ្គនាយកបណ្តាញព័ត៌មាន Fresh News និង CoolApp លោក លឹម ជាវុត្ថា ចំពោះការចែករំលែកបទពិសោធន៍ល្អៗនាឱកាសនេះ។ លោកបានអះអាងថា លោកនឹងបន្តគាំទ្រ Fresh News ដែលជាសារព័ត៌មានល្បីរបស់កម្ពុជា និងស្នើឱ្យ Fresh News ជួយផ្សព្វផ្សាយសកម្មភាពនានារបស់ក្រសួងការពារជាតិចិន ឱ្យបានកាន់តែច្រើនឡើង។
សូមបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិងកំពុងបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤៕