(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ស្វាគមន៍គម្រោងបង្កើត តំបន់សេដ្ឋកិច្ចពិសេស នៅកម្ពុជា ពីក្រុមហ៊ុនសាជីវកម្មអមតៈ នៅពេលឆាប់ៗខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន បានសន្យាថា នឹងអញ្ជើញចូលរួមនៅក្នុង ពិធីបើកសម្ពោធ តំបន់សេដ្ឋកិច្ចពិសេស នៅកម្ពុជានាពេលខាងមុខផងដែរ។
ការលើកឡើងរបស់សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាពេលនេះធ្វើឡើង ខណៈសម្តេចតេជោនាយករដ្ឋមន្រ្តីបានអនុញ្ញាត ឲ្យលោក វីក្រុម ក្រូម៉ាឌិត (Vikrom Kromadit) ស្ថាបនិក និងជាប្រធានប្រតិបត្តិក្រុមហ៊ុនសាជីវកម្មអមតៈ ចូលជួបសំដែងការគួរសម នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦។
នៅក្នុងពេលនោះ លោក វីក្រុម ក្រូម៉ាឌិត បានលើកឡើងថា កម្ពុជាមានអនាគតដ៏ល្អពីព្រោះកម្ពុជា គឺជាប្រទេសស្ថិតនៅក្នុងចំណុច កណ្តាលទី ជាពិសេសរវាង ប្រទេសថៃ និងវៀតណាម ដែលមានសក្តានុពលខ្ពស់បំផុត។
លោកបានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា ក្រុមហ៊ុនរបស់លោកកំពុង បង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា នឹងកំពុងសិក្សាបើកតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងប្រទេសកម្ពុជាផងដែរ លោកប្រធានក្រុមហ៊ុន ក៏បានសុំការណែនាំពី សម្តេចតេជោ ហ៊ុន សែន ក្នុងការបណ្តាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ។
ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាខិតខំប្រឹងប្រែងធ្វើយ៉ាងណារក្សាកំណើនសេដ្ឋកិច្ច ជាមធ្យម ៧ភាគរយ ក្នុងមួយឆ្នាំ តាមរយៈនេះរាជរដ្ឋាភិបាល ចង់ឃើញអ្នកវិនិយោគិនបន្ថែមទៀតមក បណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំធ្វើយ៉ាងណាឲ្យតំលៃភ្លើងមានការធ្លាក់ចុះ ដើម្បីចូលរួមចំណែកកាត់បន្ថយ ភាពក្រីក្រ របស់ប្រជាពលរដ្ឋ និងការបណ្តាក់ទុនវិនិយោគរបស់ថ្នាក់ឯកជននៅកម្ពុជា៕