(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន បានចុះល្បាតតាមបណ្ដោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយក៏ប្រទះឃើញជនសង្ស័យ២នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្ម ក៏ធ្វើការដេញតាមបង្ក្រាបតែម្ដង។
ការបង្ក្រាបនេះធ្វើឡើងនៅយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ។
ជនសង្ស័យទាំង២នាក់ ដែលត្រូវចាប់ខ្លួនឈ្មោះ ហ៊ួយ ឃីម អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងឈ្មោះ លី ហេង អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។
ក្រោយការសួរនាំ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់នេះជាមុខសញ្ញាឆក់យ៉ាងកម្ម ដោយក្នុងនោះធ្លាប់ធ្វើសកម្មភាពបានចំនួន៤លើក លើកទី១៖ កាលពីថ្ងៃទី២៨ ខែតុលា នៅសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង, ទី២៖ កាលពីថ្ងៃទី០១ ខែវិច្ឆិកា នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ, ទី៣៖ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ និងលើកទី៤នៅថ្ងៃទី០៧ ខែវិច្ឆិកា នៅសង្កាត់ទួលទំពួងទី១ ខណ្ឌចំការមន។
នៅពេលចាប់ខ្លួនសមត្ថកិច្ចជំនាញដកហូតបាន ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1KB-8044 (របស់ជនសង្ស័យ)។ បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលេី មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរតាមនីតិវិធី៕