(ភ្នំពេញះ)៖ លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ (NTTCC) បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្ដីពីការរៀបចំនិងដំណើរការកិច្ចប្រតិបត្តិការច្រកទ្វារអន្តរជាតិ ស្ទឹងបត់-បានណងអៀន ដោយមានការចូលរួមពីលោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង តំណាងអភិបាលខេត្ត-ក្រុង និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ លោក លោកស្រី ដែលជាតំណាងអន្តរក្រសួង ដែលជាសមាជិកគណៈកម្មាធិការ និងភាគីពាក់ព័ន្ធជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីពិនិត្យលទ្ធភាពក្នុងការត្រៀមបើកច្រកទ្វារអន្តរជាតិ ស្ទឹងបត់-បានណងអៀន ជាផ្លូវការ ជាពិសេសការរៀបចំលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីធ្វើយ៉ាងណាឱ្យមានសង្គតិភាពជាមួយនឹងច្បាប់ជាតិ និងអន្តរជាតិ។
សូមបញ្ជាក់ថា ច្រកទ្វារអន្តរជាតិ ស្ទឹងបត់-បានណងអៀន ជាច្រកទ្វារដ៏សំខាន់មួយក្នុងការតភ្ជាប់ផ្លូវដឹកជញ្ជូនរវាងប្រទេសទាំងពីរ ជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងពង្រឹងការអភិវឌ្ឍនៅតំបន់ព្រំដែនប្រកបដោយចីរភាព និងបរិយាបន្ន៕