(ភ្នំពេញ)៖ មហាជនមកពីគ្រប់ស្រទាប់វណ្ណៈ រួមមានថ្នាក់ដឹកនាំ សិស្ស និស្សិតមន្ត្រីរាជការ អាជីវករ និងអ្នកសារព័ត៌មាន បានបង្ហាញការគាំទ្រចំពោះ ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តកម្ពុជា-ចិន” លើកទី៨ ដែល បានសម្ពោធជាផ្លូវការ កាលពីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នៅរាជធានីភ្នំពេញ។ អ្នកដែលបានចូលរួមក្នុង “ព្រឹត្តិការណ៍” ដំណើរភាពយន្តចល័តកម្ពុជា-ចិន”បានចាត់ទុកថា ព្រឹត្តិការណ៍នេះ បានជំរុញ នូវទំនាក់ទំនងវប្បធម៌ មនោសញ្ចេតនាកាន់តែល្អប្រសើរឡើងថែមទៀតរវាងប្រជាជនប្រទេសទាំងពីរ។
កញ្ញាឆាយ ចន្ទសាវិដដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ “ដំណើរភាពយន្តចល័តកម្ពុជា-ចិន” លើកទី៨នេះ ព្រោះជាការផ្លាស់ប្ដូរ នូវវិស័យភាពយន្តនៃប្រទេសទាំងពីរជាពិសេស ធ្វើឱ្យប្រជាជនកម្ពុជាមានឱកាសបានស្វែងយល់កាន់តែទូលំទូលាយអំពីវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងសង្គមបច្ចុប្បន្នរបស់ប្រទេសចិន។
សំឡេង៖ « ខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយ ដែលបានចូលរួមកម្មវិធីបើក ដំណើរភាពយន្តចល័តកម្ពុជាចិន លើកទី៨ ព្រោះមានរឿងល្អមើល បច្ចេកទេសថតល្អ កម្រិតរូបភាពច្បាស់ និងធ្វើឱ្យយើងទទួលបានបទពិសោធថ្មីៗ ។ ហើយនេះ ក៏ជាឱកាសមួយក្នុងការផ្សព្វផ្សាយភាពយន្តខ្មែរយើងផងដែរ។»
ជាមួយគ្នានេះលោកអ៊ួង ភារុណ ជាប្រជាពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ បានគាំទ្រចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីចិនដែលបានបង្កើតព្រឹត្តិការចាក់បញ្ចាំងភាពយន្តនេះ ក្នុងន័យជួយដល់ការកម្សាន្តផង និងរឹតចំណងមិត្តភាពផង។ សំឡេង៖ «ខ្ញុំគិតថា ការផ្លាស់ប្ដូរវប្បធម៌តាមរយៈព្រឹត្តិការណ៍នេះ គឺល្អណាស់ ព្រោះបាននាយករឿងល្អៗពីប្រទេសចិន មកចាក់បញ្ចាំងនៅទូរទាំងប្រទេសឱ្យប្រជាពលរដ្ឋយើងបានទស្សនាដោយសេរី។ ជាមួយគ្នានេះភាពយន្តខ្មែរយើងឥឡូវ ក៏មានការរីកចម្រើនផងដែរក្នុងសម័យថ្មីនេះ»។
កញ្ញារិទ្ធ ពិសី ជាសមាជិក នៃសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌ចាត់ទុកថា កម្មវិធីនេះ បានផ្តល់នូវ ការទស្សនាភាពយន្តចិន និងខ្មែរដ៏សម្បូរបែប និងបានជំរុញឱ្យមិត្តភាពកម្ពុជាចិន កាន់តែជិតស្និទ្ធថែមទៀត។ សំឡេង៖ «សម្រាប់កម្មវិធីនេះគឺល្អសម្រាប់ប្រទេសយើងទាំងពីរក្នុងការផ្លាស់ប្ដូរនូវវប្បធម៌គ្នាទៅវិញទៅមក»។
ព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តកម្ពុជា-ចិន” ចាប់ផ្ដើមរៀបចំធ្វើតាំងពីឆ្នាំ២០១៦មក ក្រុមចាក់បញ្ចាំងភាពយន្តកម្ពុជាចិន ដែលសហការរៀបចំដោយវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន និង នាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានធ្វើដំណើរឆ្លងកាត់២៥ខេត្តក្រុងរាជធានី ទូទាំងប្រទេសកម្ពុជា ដោយបាននាំមក នូវភាពយន្តកម្ពុជាចិន ដ៏ឆ្នើមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកចាក់បញ្ចាំង ជូនប្រជាពលរដ្ឋជាង១សែននាក់ក្នុងភូមិស្រុក ទូទាំងប្រទេសកម្ពុជា បានទស្សនា។
ក្រោយពីដំណើរភាពយន្តចល័តនេះ ត្រូវបានប្រកាសបើកជាផ្លូវការ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិការួចហើយនោះ ក្រុមចាក់បញ្ចាំងភាពយន្តកម្ពុជាចិន នឹងបន្តដំណើរចាក់បញ្ចាំង ភាពយន្តចល័ត នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និង ខេត្តកណ្ដាល ចាប់ពីពាក់កណ្តាលខែវិច្ឆិការហូត ដល់ពាក់កណ្ដាលខែធ្នូ ដោយមានភាពយន្តខ្មែរ និភាពយន្តចិន ដូចជា រឿង ”ជីវិតលើភ្លើង” រឿង ”ខ្ញុំមិនមែនជាអ្នកស្នងមរតកទេ” និង រឿង ”លោកប្ដី” ជាដើម៕
អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាជាចិន