(សៀមរាប)៖ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានស្នើប្រជាពលរដ្ឋដែលធ្វើប្រទីបលក់ ក្នុងឱកាសបុណ្យអុំទូក សូមកុំយកឧបករណ៍ស្មោធ្វើជាប្រទីប ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសូមធ្វើប្រទីបពីដើមចេកវិញ ដែលមិនបង្កហានិភ័យដល់សោភណ្ឌភាពដងស្ទឹង ព្រមទាំងបង្កើតនូវជីវៈចម្រុះនៃដងស្ទឹងទៀតផង។
ម៉្យាងទៀត ចំពោះស្តង់លក់ដូរទាំងអស់ ត្រូវគោរពតាមការណែនាំរបស់គណៈកម្មការរៀបចំពិធីបុណ្យ ចំពោះអនាម័យ បរិស្ថាន ប្រសិនបើមានស្តង់មួយណា ដែលមិនរៀបចំអនាម័យបានស្អាតទេនោះ គណៈកម្មការនឹងធ្វើការបញ្ឈប់មិនអនុញ្ញាតឱ្យលក់ដូរបន្តទៀតនោះឡើយ។
ការស្នើយ៉ាងដូច្នេះរបស់លោក ប្រាក់ សោភ័ណ នៅក្នុងកិច្ចប្រជុំពិភាក្សាលើបច្ចេកទេស និងទិដ្ឋភាពទូទៅក្នុងក្រុងសៀមរាប សម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឲ្យមានភាពរលូនប្រកបដោយសុខសុវត្ថិភាព មានសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនិង បរិស្ថានល្អសម្រាប់ទាំងអស់គ្នា ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាប្រធានអនុគណៈកម្មការ អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរក្រុង ស្រុក និងមេបញ្ជាការ បញ្ជាការរង ស្នងការនគរបាល សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងវិស័យឯកជន នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប។
លោក ប្រាក់ សោភ័ណ បានបន្តថា ព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤នេះ នឹងរៀបចំធ្វើឡើងតាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដោយចាប់ពីស្ពានថ្មអតីតមន្ទីរទេសចរណ៍រហូតដល់ស្ពានអាងក្រពើ ដោយមានរៀបចំនូវកម្មវិធីកម្សាន្ត ដូចជា៖ ការប្រកួតទូកបុរស និងទូកនារី ក្នុងនោះ មានក្រុមទូកថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពនិង រដ្ឋបាលក្រុង ស្រុក ក្នុងការប្រកួតបើកការប្រណាំងទូកជាកិត្តិយស ក្នុងឆ្នាំ២០២៤នេះ ព្រមទាំង មានការប្រគុំតន្ត្រី អកអំបុក បណ្តែតប្រទីប ការតាំងពិរពណ៌ និងកម្មវិធីជាច្រើនទៀត ដើម្បីបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ព្រមទាំង ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានទស្សនាកម្សាន្ត និងបានស្វែងយល់បន្ថែម អំពីវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ របស់ប្រជាពលរដ្ឋខែ្មរ ដែលបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ និងបានចារឹកទុកនៅតាមជញ្ជាំងប្រាសាទមួយចំនួនផងដែរ។
លោកក៏បានណែនាំមួយចំនួនដល់អនុគណៈកម្មការ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ដែលមានទូកចូលរួមប្រកួតក្នុងពិធីបុណ្យអុំទូក ត្រូវពិនិត្យផ្គូផ្គងវាយតម្លៃឲ្យច្បាស់លាស់ និងយុត្តិធម៌ ទៅលើកម្លាំងចំណុះទូក ក៏ដូចជា៖ កម្លាំងត្រៀមចៀសវាងកើតមានបាតុភាពមិនល្អ ព្រោះថា រដ្ឋបាលខេត្តសៀមរាប ក៏បានត្រៀមកញ្ចប់ថវិកាសម្រាប់ជ័យលាភីតាមលំដាប់លំដោយផងដែរ។
លោកបន្ថែមថា ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការរៀបចំក្លោងទ្វារ ធ្វើយ៉ាងណាត្រូវរំលេចនូវអត្តសញ្ញាណរបស់ខេត្តសៀមរាប ដើម្បីទាក់ទាញដល់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកចូលរួមបានយល់ដឹងអំពីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើការ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងត្រូវសហការសម្អាតអនាម័យ បរិស្ថាន ប្រមូលសម្រាមទុកដាក់ឲ្យស្អាតជាប្រចាំ ព្រមទាំងត្រូវពិនិត្យមើលប្រព័ន្ឋភ្លើងបំភ្លឺសាធារណៈ និងបញ្ហាពាក់ព័ន្ធជាច្រើនទៀត ដើម្បីឲ្យព្រះរាជពិធីដំណើរការទៅដោយរលូន និងសប្បាយរីករាយ។
តាមការបញ្ជាក់របស់អនុគណៈកម្មការបច្ចេកទេស បានឲ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងឆ្នាំ២០២៤នេះ មានរយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។ ក្នុងនោះ ទូកដែលបានដាក់ពាក្យប្រកួត មានចំនួន៣០ទូក ទូកនារីមាន ៣ទូក, ថយចុះ ជាងឆ្នាំ២០២៣ ចំនួន៣ទូក។ គណៈកម្មការបច្ចេកទេស ក៏បានរៀបចំទូកចំនួន ៦ទូក សម្រាប់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក ចូលរួមប្រកួតបើកការប្រកួតនៅថ្ងៃដំបូងផងដែរ៕