(ស្វាយរៀង)៖ លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា ព្រមទាំងលោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងនារសៀលថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២៤ បានអញ្ជេីញបិទការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ ស្ថិតនៅទំនប់តាណេង ច្រាំងតាបុល ទន្លេវ៉ៃគោ ក្រុងស្វាយរៀង ។
ពិធីនេះក៏មានការចូលរួមពី លោក លោកស្រីគណៈប្រតិភូសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោក គង់ សុភាព គណៈកម្មាការរៀបចំការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ លើប្រភេទកីឡាកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» បានឱ្យដឹងថា សម្រាប់ប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ដែលធ្វើការប្រណាំងនៅទន្លេវ៉ៃគោក្រុងស្វាយរៀង ខេត្តស្វាយរៀង បានដំណើរប្រណាំងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០២៤។
មន្រ្តីគណៈកម្មាការរូបនេះ បានបញ្ជាក់ថា ប្រណាំងប្រកួតប្រជែងរយៈពេល ៣ថ្ងៃនេះ មានខេត្ត និងស្ថាប័នក្រសួងចូលរួមចំនួន៨មានដូចជា៖ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ខេត្តកណ្តាល ខេត្តឧត្តរមានជ័យ ខេត្តកោះកុង ខេត្តព្រៃវែង ខេត្តព្រះសីហនុ និងខេត្តស្វាយរៀងម្ចាស់ផ្ទះ។ សម្រាប់វិញ្ញសាប្រណាំងមាន២វិញ្ញាសា គឺបុរសចំណុះ១២នាក់ អុំប្រណាំងចម្ងាយ៨០០ម៉ែត្រ និងវិញ្ញាសាប្រណាំងចម្រុះបុរសនារីអុំចម្ងាយ២០០ម៉ែត្រ ក្នុងនោះទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» បុរសមាន៨ក្រុម និងទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ចម្រុះបុរសនិងនារីមាន៦ក្រុម។
លោកបានបន្តថា ការប្រណាំងនៅថ្ងៃទី៦ គឺជាការប្រណាំងវគ្គជម្រុះទាំងពីរវិញ្ញាសាមាន២០០ម៉ែត្រចម្រុះបុរសនារី និង៨០០ម៉ែត្របុរស ដើម្បីចម្រាញ់យកឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រនៅថ្ងៃទី៧ ក្នុងនោះ សម្រាប់វិញ្ញសា២០០ម៉ែត្រ ចម្រុះបុរសនារីដែលមាន ៦ក្រុមចម្រាញ់យក ៤ក្រុមឡើង ខណៈវិញ្ញាសា ៨០០ម៉ែត្រ បុរសមាន៨ក្រុមចម្រាញ់យក ៤ក្រុមឡើង។
លោកបានបន្ថែមទៀតថា សម្រាប់កីឡាករកីឡាការិនីដែលមកចូលរួមការប្រណាំង ប្រសិនបើពួកគេត្រូវបានគណៈកម្មការមើលឃើញថា មានសក្កានុពល និងមានទេពកោសល្យខ្ពស់នោះ គណៈកម្មការបច្ចេកទេសសហព័ន្ធនិងវាយតម្លៃដើម្បីនាំយកពួកគាត់មកធ្វើតេសចូលរួមជាជម្រើសជាតិហ្វឹកហាត់បំប៉នជាមួយសហព័ន្ធត្រៀមចូលរួមកីឡាស៊ីហ្គេមលើកទី៣៣ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៥ និងការប្រកួតអន្តរជាតិនានា។
សូមបញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួតរយៈពេល០៣ថ្ងៃ ជាលទ្ធផល៖
ទី១៖ សមាគមកីឡាទូកប្រណាំងក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយមាស ០១គ្រឿង
ទី២៖ ខេត្តកោះកុង ដណ្ដើមបានមេដាយមាស ០១គ្រឿង
ទី៣៖ ក្រសួងការពារជាតិ ដណ្ដើមបានមេដាយប្រាក់ ២គ្រឿង
ទី៤៖ ខេត្តព្រៃវែង ដណ្ដើមបានមេដាយសំរឹទ្ធិ ១គ្រឿង
និងទី៥៖ ខេត្តកណ្ដាល ដណ្ដើមបានមេដាយសំរឹទ្ធិ ១គ្រឿង។
ជាមួយគ្នានេះ ទូកប្រពៃណីខ្នាតអន្តរជាតិខេត្តស្វាយរៀងឆ្នាំ២០២៤ វគ្គផ្ដាច់ព្រ័ត្រដែលមានទូកចូលរួមប្រណាំងពីរដ្ឋបាលក្រុង ស្រុកទាំង៨ នៃខេត្តស្វាយរៀង លេខ១ បានទៅលើទូកព្រះខ័នមានជ័យបារមីបូព៌ា ជាទូករបស់កងរាជអាវុធហត្ថខេត្ត, លេខ២ ទូកប្រសូត្រតេជះសែនជ័យបារមីស្វាយទាបជាទូករបស់រដ្ឋបាលស្រុកស្វាយទាប, លេខ៣ ឌីសែនជ័យបារមីពោធិ៍ព្រឹក្ស ទូករដ្ឋបាលក្រុងស្វាយរៀង, លេខ៤ សេះសសែនជ័យបារមីចន្ទ្រា ជាទូករបស់សាលាស្រុកចន្ទ្រា៕