(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧១ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤ ដែលប្រទេសកម្ពុជាយើងទទួលបានឯករាជ្យពេញបរិបូរណ៍ ពីអាណានិគមនិយមបារាំង។

ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំង មានការអញ្ជើញចូលរួមពីសំណាក់អ្នកតំណាងរាស្រ្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ថ្លែងក្នុងអង្គពិធីនាពេលនោះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា ទិវាបុណ្យឯករាជ្យជាតិដែលបានធ្វើឡើងនាពេលនេះ ក្នុងន័យសម្ដែងនូវមនោសញ្ចេតនាសប្បាយរីករាយអបអរសាទរ និងដឹងគុណ ទិវាជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូលរបស់កម្ពុជាដណ្ដើមបានទាំងស្រុងមកវិញនូវឯករាជ្យជាតិជូនជាតិមាតុភូមិពេញបរិបូរណ៌ពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ច ដ៏ថ្លៃ ថ្លានិងឧត្ដុង្គឧត្ដម នៃព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គជាព្រះបិតាសន្តិភាព បានបង្រួប បង្រួម និងផ្សះផ្សាជាតិ ទ្រង់បានលះបង់នូវព្រះកាយ ព្រះបញ្ញាញាណដ៏ភ្លឺថ្លានិងឈ្លាសវៃ៕