(កំពង់ស្ពឺ)៖ ការបោះទីតាំងវិនិយោគរបស់ក្រុមហ៊ុនសួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា នៅក្នុងខេត្តកំពង់ស្ពឺ គឺជាការសម្រេចយុទ្ធសាស្ត្រមួយក្នុងការវិនិយោគលើគម្រោងឧស្សាហកម្ម ដោយផ្តោតលើបង្កើតឲ្យបានសួនឧស្សាហកម្មវាយនភណ្ឌលំដាប់ជាតិ និងការអភិវឌ្ឍដែលផ្តល់ឱកាសឲ្យកម្ពុជាក្លាយជាមូលដ្ឋានផលិតកម្ម និងទីតាំងផ្គត់ផ្គង់ដ៏សំខាន់លើឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងអេឡិចត្រូនិក ក្នុងតំបន់អាស៊ាន។

ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា ស្ថិតក្នុងភូមិឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា សួនឧស្សាហកម្មនេះ នឹងបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងប្រមាណពី៥ម៉ឺន ទៅ៦ម៉ឺននាក់។

លោក ហេង សួរ បានលើកឡើងទៀតថា ការបង្កើតការងារជូនប្រជាពលរដ្ឋ គឺជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ ដែលផ្តើមចេញតាំងពីដើមអាណត្តិរបស់រាជរដ្ឋាភិបាលកន្លងមក ដែលបានស្តែងចេញតាមរយៈសកម្មភាពរបស់សម្តេចធិបតី ក្នុងអញ្ជើញជួបកម្មករនិយោជិត ក្នុងវិស័យឧស្សាហកម្មវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងការបូបនៅតាមបណ្តាខេត្តបន្តបន្ទាប់ និងការដាក់ចេញនូវអនុសាសន៍ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញវិស័យនេះ ឲ្យមានការរីកចម្រើនដោយផ្តោតការយកចិត្តទុកដាក់លើកំណើនការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង។

រដ្ឋមន្ត្រីក្រសួងការងារ បានបន្ថែមទៀតថា បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រសរុបចំនួន៤៤៣កន្លែង មានកម្មករ កម្មការិនីសរុបជាងប្រមាណ១៧ម៉ឺននាក់កំពុងធ្វើការ។ ជាមួយនឹងកំណើនរោងចក្រ សហគ្រាសនេះ ខេត្តក៏បាននិងកំពុងជួបនូវកង្វះកម្លាំងពលកម្មប្រមាណជាងមួយម៉ឺននាក់បន្ថែមទៀត។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្តទៅមន្ទីរការងារ និងអាជ្ញាធរ ឲ្យបង្កើនការផ្សព្វផ្សាយដើម្បីស្វែងរកកម្លាំងពលកម្ម ពិសេសជូនដំណឹងទៅដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ដែលតែងចំណាកស្រុកទៅធ្វើការងារនៅប្រទេសជិតខាង ឲ្យបានដឹងពីឱកាសការងារនេះ។

ស្របគ្នានេះ ក្រសួងការងារក្រោមការគិតគូពីរាជរដ្ឋាភិបាល ក៏បាននិងកំពុងបណ្តុះបណ្តាលកម្មករជំនាញបន្ថែមដើម្បីបំពេញតម្រូវការដែលខ្វះ ស្របតាមគោលការណ៍ ទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល គឺឲ្យបាន១លាន៥សែននាក់។ បន្ថែមពីនេះវិស័យឯកជន គឺជាដៃគូអភិវឌ្ឍដ៏សំខាន់ និងមិនអាចខ្វះបានដោយផ្សាភ្ជាប់ទំនក់ទំនងល្អ និងផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយភាពសំបូរបែប និងការត្រៀមលក្ខណៈសម្បត្តិ និងមូលធនមនុស្សឲ្យបានគ្រប់ជ្រុងជ្រោយក្នុងការទាក់ទាញ និងស្វាគមន៍វិនិយោគធំៗពីបរទេស៕