សាលាឧទ្ធរណ៍សម្រេចឡើងវិញផ្តន្ទាទោសជនជាប់ចោទ៣នាក់ ករណីជួញដូរគ្រឿងញៀនរហូតដល់៣០ឆ្នាំ ក្រោយសាលាដំបូងរាជធានីភ្នំពេញសម្រេចឲ្យរួចខ្លួនម្នាក់ និង២នាក់ទៀតដាក់ពន្ធនាគារត្រឹម៣ឆ្នាំ
08-11-2024 15:25
(ភ្នំពេញ)៖ សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចឡើងវិញផ្ដន្ទាទោសជនជាប់ចោទ៣នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនរហូតដល់៣០ឆ្នាំ ក្រោយសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យម្នាក់រួចខ្លួន និង២នាក់ទៀត ជាប់ពន្ធនាគារត្រឹម៣ឆ្នាំប៉ុណ្ណោះ ក្នុងសំណុំរឿងគ្រឿងញៀនមេតំហ្វេតាមីន ចំនួន៨៦៥,០៤៦៧ក្រាម។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ១៣០៩ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ដែលមានជនជាប់ចោទ ឈ្មោះ ឈឹម ស្រីខួច ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យរួចខ្លួនពីបទ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។
ដោយឡែក ឈ្មោះ សៀវ ឡុង ហៅ អាឆ័យ, ឈ្មោះ សុខ ភារម្យ ហៅ អាបូ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចដាក់ពន្ធនាគារម្នាក់ៗកំណត់រយៈពេល៣(បី)ឆ្នាំ និងពិន័យជាប្រាក់ម្នាក់ៗចំនួន ៤,០០០,០០០ (បួនលាន)រៀល ពីបទ «ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» តាមសាលក្រមព្រហ្មទណ្ឌលេខ ៦៧៣ “ឋ”ក្រ៧ ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ។
ក្រោយពីបានបញ្ចប់កិច្ចពិភាក្សាដេញដោលលើអង្គហេតុ ភស្តុតាង និងអង្គច្បាប់រួចមក ក្រុមប្រឹក្សាជំនុំ ជម្រះទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ បានចេញសាលដីកាព្រហ្មទណ្ឌលេខ១៣៩ ក្រ“ប.ស” ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ មានខ្លឹមសារ នៃសេចក្ដីសម្រេចដូចតទៅ៖
*ទី១៖ សម្រេចបដិសេធសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ត្រង់ចំណុចទី១ និងកែប្រែទណ្ឌកម្មលើ ជនជាប់ចោទ ក្នុងចំណុចទី២ នៃសាលក្រមព្រហ្មទណ្ឌលេខ ៦៧៣ “ឋ” ក្រ៧ ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ ដូចខាងក្រោម៖
ក៖ ផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ឈឹម ស្រីខួច ដាក់ពន្ធនាគារកំណត់ ៣០ (សាមសិប) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៦០,០០០,០០០ (ហុកសិបលាន) រៀល ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ខ៖ កែប្រែទណ្ឌកម្មលើជនជាប់ចោទឈ្មោះ សៀវ ឡុង ហៅ អាឆ័យ និងឈ្មោះ សុខ ភារម្យ ហៅ អាបូ មកផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗកំណត់៣០ (សាមសិប)ឆ្នាំ និងពិន័យជាប្រាក់ម្នាក់ៗចំនួន៦០,០០០,០០០ (ហុកសិបលាន)រៀល ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
*ទី២៖ បន្តឃុំខ្លួនជនជាប់ចោទឈ្មោះ ឈ្មោះ សៀវ ឡុង ឈ្មោះ សុខ ភារម្យ និង ឈ្មោះ ឈឹម ស្រីខួច តាមនីតិវិធី៕