(ភ្នំពេញ)៖ នាពេលបច្ចុប្បន្ន កត្តាកំណើនអាយុការវិវឌ្ឍន៍សកលភាវូបនីយកម្ម និងនគររូបនីយកម្ម រួមផ្សំនឹងរបៀបរស់នៅ ដែលមិនមានសុខភាពល្អ បានធ្វើឱ្យមានជំងឺមិនឆ្លងកើនឡើងនៅទូទាំងពិភពលោក។ ក្នុងចំណោមករណីស្លាប់ទាំងអស់ មាន៦០% បណ្តាលមកពីជំងឺមិនឆ្លងបួនប្រភេទ ដែលក្នុងនោះមានជំងឺមហារីកផងដែរ។

នេះបើតាមការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត រ័ត្ន បូតា ទីប្រឹក្សាក្រសួងសុខាភិបាល និងជាអគ្គនាយករងនៃមន្ទីរពេទ្យកាល់ម៉ែត ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នំា២០២៥-២០៣០ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោកស្រីវេជ្ជបណ្ឌិត រ័ត្ន បូតា បានថ្លែងឲ្យដឹងទៀតថា «ជំងឺមិនឆ្លងនេះ បានសម្លាប់ប្រជាជនកម្ពុជាជិត ៦០,០០០នាក់ជារៀងរាល់ឆ្នាំ ដែលស្មើនឹង ៦៤% នៃករណីស្លាប់ទាំងអស់ក្នុងឆ្នាំ២០១៨ ក្នុងនោះជំងឺមហារីកជាមូលហេតុនៃការស្លាប់ ១៤%»

លោកស្រីវេជ្ជបណ្ឌិតបានថ្លែងបន្ដថា តាមការប៉ាន់ប្រមាណនៅកម្ពុជា មានករណីជំងឺមហារីកថ្មីចំនួន ១៩,៧៩៥នាក់ ក្នុងនោះ ១០,៦២៤នាក់ ជាស្ដ្រី។ ក្នុងនោះជំងឺមហារីកថ្លើមដើរ ឈរលេខរៀងទី១ ក្នុងចំណោមមហារីកទាំងអស់ ដែលកើតលើប្រជាជនទាំងពីរភេទ បន្ទាប់មកគឺជំងឺមហារីកសួត សុដន់ ពោះវៀនធំ និងមាត់ស្បូន។ ចំពោះស្រ្តី ជំងឺមហារីកដែលឈរជួរទី១ គឺមហារីកសុដន់ បន្ទាប់មកគឺមហារីកមាត់ស្បូន ថ្លើម ពោះវៀនធំ និង សួត។

ដើម្បីឆ្លើយតបនឹងបញ្ហានេះឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ក៏ដូចជាការចូលរួមអភិវឌ្ឍវិស័យសុខាភិបាលឱ្យឈានឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ជាពិសេសក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីនៃក្រសួងសុខាភិបាល ក្រុមការងារក៏បានផ្តួចផ្តើម រៀបចំកសាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០។

លោកស្រីវេជ្ជបណ្ឌិតបានឱ្យដឹងទៀត នៅក្នុងដំណើរការនៃការរៀបចំនេះ ការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធនានា គឺជាជំហានមួយដែលមិនអាចខ្វះបាន ដើម្បីធានាបាននូវភាពល្អិតល្អន់ និងគុណភាព។ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាលបានរៀបចំសិក្ខាសាលាមួយនេះ ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងនៃផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០។

សូមជម្រាបថា ជំងឺមិនឆ្លង ៤ប្រភេទ មានជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរុំារ៉ៃ ដែលកំពុងជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈដ៏ធំមួយនៅកម្ពុជា ក៏ដូចជានៅលើសកលលោក ដែលជំងឺមិនឆ្លងខាងលើនេះ គឺអាចការពារបានរហូតដល់ទៅ៨០% តាមរយៈការមានរបបអាហារឱ្យបានត្រឹមត្រូវ តិចអំបិល តិចស្ក តិចខ្លាញ់, មានលំហាត់ប្រាណ, កុំពិសារគ្រឿងស្រវឹង និងថ្នាំជក់ជាដើម៕