(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបក្រុមជនល្មើស៤នាក់ ដែលពាក់ព័ន្ធករណីកាប់ប្រហារដើម្បីប្លន់យកម៉ូតូ នៅភូមិតាងូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ និងកាន់កាប់អាវុធគ្មានការអនុញ្ញាត (កាំបិតផ្គាក់)។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះ ត្រូវបានស្រាវជ្រាវបង្ក្រាបជាបន្ដបន្ទាប់ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ កាលពីថ្ងៃទី០២ និងថ្ងៃទី០៣ ខែវិច្ឆិកាចំណុចបន្ទប់ជួល ផ្លូវលេខ២០១ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់យកកាំបិតផ្គាក់ ចំនួន១ដើម។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទី១៖ឈ្មោះ ហឿង ស ហៅស, ទី២៖ឈ្មោះ លី ម៉េង ហៅខ្លាឃ្មុំ, ទី៣៖ឈ្មោះ អ៊ិត ចន្នី ហៅចននី និងទី៤៖ឈ្មោះ រះ ភក្តី ហៅ ភាក់។ វត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ1KX-0289 ចំនួន១គ្រឿង, កាំបិតផ្គាក់ចំនួន១ដើម។ ដោយឡែក ជនរងគ្រោះក្នុងហេតុការណ៍នេះចំនួន២នាក់ រងរបួសធ្ងន់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕