(កំពង់ចាម)៖ លោក លន់ សុផាត ប្រធានក្រុមការងារចុះជួយស្រុកបាធាយ ខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បាននាំយកថវិកាចំនួន ១០លានរៀល និង Laptop ចំនួន១០គ្រឿង ចែកជូនសិស្សនិទ្ទេស A ចំនួន១០អង្គ-នាក់ របស់ក្រុមការងារចុះជួយស្រុកបាធាយ។ ក្រៅពីនោះក៏បានឧបត្ថម្ភថវិកាជូនលោកនាយកសាលាចំនួន៣នាក់ផងដែរ ក្នុងម្នាក់ៗ ៤០ម៉ឺនរៀល។
ក្នុងឱកាសនោះលោក លន់ សុផាត បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពទី១ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងបានកំណត់អាទិភាពគន្លឹះ ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា សំដៅការពារថែរក្សាពូនជ្រំសមិទ្ធផលជាតិ និងជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសចំណូលកម្រិតខ្ពស់។
លោក លន់ សុផាត បានថ្លែងអរគុណសន្តិភាព ហើយដោយបានបញ្ជាក់ថា ការរីកចម្រើននូវលើគ្រប់វិស័យទៅបាន ពិសេសវិស័យអប់រំនាពេលនេះ គឺដោយសារកត្តាសុខសន្តិភាព។ ដោយឡែក បច្ចុប្បន្ននេះក្រោមការដឹកនាំ ដ៏ឈ្លៀសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នីតិកាលទី៧ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
លោក លន់ សុផាត បានសំណូមពរដល់លោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់អប់រំ និងបង្រៀន ពិសេសក្មួយៗសិស្សានុសិស្សនៅទូទាំងស្រុកបាធាយ ត្រូវបន្តខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយខ្លួនជាមនុស្សល្អ ជាទំពាំងស្នងឬស្សី ក្នុងអភិវឌ្ឍជាតិ។
លោក លន់ សុផាត បានលើកទឹកចិត្តដល់សិស្សដែលទទួលបាននិទ្ទេស A ត្រូវបន្តខិតខំរៀនសូត្រថ្នាក់មហាវិទ្យាល័យ ឲ្យទទួលបានជោគជ័យ ហើយសូមអរគុណដល់លោកគ្រូអ្នកគ្រូ ព្រមទាំងអាណាព្យាបាលទាំងអស់ដែលបាន ជំរុញដល់កូនៗ រហូតទទួលបានលទ្ធផលល្អប្រសើរសម្រាប់ការប្រឡងនេះ។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកបាធាយ ត្រូវបន្តការចូលរួមថែរក្សាសុខសន្តិភាព ដែលយើងកំពុងមានក្នុងពេលបច្ចុប្បន្ន ឱ្យបានគង់វងសម្រាប់កូនចៅជំនាន់ក្រោយ ដោយបន្តទទួលផ្លែផ្កាពីកត្តាសន្តិភាពដែលយើងរកបានយ៉ាងលំបាកនេះ៕