(ភ្នំពេញ)៖ សមាគមអតីតនិស្សិតនៃសាកលវិទ្យាល័យ Tsinghua នៅកម្ពុជាប្រមាណ ៦០រូប បានរៀបចំពិធីស្វាគមន៍ លោកសាស្រ្តាចារ្យ LI LUMING នាយកសាកលវិទ្យាល័យ Tsinghua និងសហការី ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីបង្កើនទំនាក់ទំនងរវាងសាកលវិទ្យាល័យ Tsinghua និងវិស័យអប់រំនៅកម្ពុជា។
ថ្លែងក្នុងពិធីស្វាគមន៍ដែលបានរៀបចំឡើង នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ទេស រុក្ខាផល ប្រធានសមាគមអតីតនិស្សិតនៃសាកលវិទ្យាល័យ Tsinghua នៅកម្ពុជា ដែលកំពុងមប្រើការងារជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានដោះស្រាយកូដកម្ម និងបាតុកម្មនៅតាមគ្រប់មុខសញ្ញានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសចិន ជាពិសេសសាកលវិទ្យាល័យ Tsinghua ដែលបានផ្តល់អាហារូបករណ៍ និងបណ្តុះបណ្តាលដល់និស្សិតកម្ពុជានាពេលកន្លងមក ហើយបានក្លាយជាធនធានមនុស្សដ៏សំខាន់មួយក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ស្របតាមទស្សនវិស័យរបស់កម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ក្នុងចំណោមអតីតនិស្សិតដែលបានបញ្ចប់ទាំងនោះ ពួកគេបានចូលបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ, វិស័យឯកជន និងបង្កើតអាជីវកម្មដោយខ្លួនឯងជាដើម។
បើតាមលោក ទេស រុក្ខាផល គិតមកដល់បច្ចុប្បន្ន អតីតនិស្សិតដែលបានបញ្ចប់ការសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនានានៅប្រទេសចិនប្រមាណជាង ៣ពាន់នាក់។
លោកសាស្រ្តាចារ្យ LI LUMING បានថ្លែងអំណរគុណដល់សមាគមអតីតនិស្សិតនៃសាកលវិទ្យាល័យ Tsinghua នៅកម្ពុជា ដែលបានរៀបចំទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់រូបលោក និងសហការីក្នុងដំណើរទស្សកិច្ចសិក្សាផ្លូវការមកកម្ពុជាលើកទី១ នេះ។
លោក និងសហការីពិតជាសប្បាយរីករាយយ៉ាងខ្លាំងដែលបានជួបអតីតនិស្សិតដែលបានបញ្ចប់ការសិក្សាសាកលវិទ្យាល័យ Tsinghua ហើយបានក្លាយជាធនធានដ៏សំខាន់របស់កម្ពុជានៅតាមក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន ដោយបានយកចំណេះដឹង និងបទពិសោធន៍នានាដែលបានសិក្សារៀនសូត្រ និងរស់នៅទីនោះមកចូលរួមអភិវឌ្ឍ ជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ប្រទេសចិន និងប្រទេសកម្ពុជាគឺមានទំនាក់់ទំនងជាមួយគ្នាជាយូរលុងណាស់មកហើយ ប្រទេសទាំងពីរតែងតែជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យទាំងសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វប្បធម៌, ទេសចរណ៍ និងវិស័យអប់រំជាដើម។
ក្នុងអំឡុងពេលទស្សកិច្ចផ្លូវការនេះ លោកសាស្រ្តាចារ្យ LI LUMING នឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ អគ្គបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមទាំងចុះ MOU ជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។
គួរបញ្ជាក់ផងដែរ សាកលវិទ្យាល័យ Tsinghua គឺជាសាកលវិទ្យាល័យមានចំណាត់ថ្នាក់លេខ១ ប្រចាំប្រទេសចិន និងជាប់ចំណាត់ថ្នាក់ជាសាកលវិទ្យាល័យកំពូលទាំង២០ នៅលើសាកលលោកផងដែរ។ សាកលវិទ្យាល័យ Tsinghua ក៏បានបណ្តុះបណ្តាលធនធានមនុស្សជាច្រើនក្នុងប្រទេសចិន ហើយក៏បានក្លាយជាថ្នាក់ដឹកនាំកំពូលៗជាច្រើន ក្នុងប្រទេសចិន ដែលក្នុងនោះមាន លោក Xi Jinpin ជាប្រធានាធិបតីប្រទេសចិនបច្ចុប្បន្នក៏បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនេះផងដែរ៕