(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយគណៈកម្មការទូក «ង» និងក្រុមកីឡាករអុំទូក ទាំង៣គ្រឿង ដែលត្រូវទៅចូលរួមប្រកួតប្រជែង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង។
លោក ណារ៉ា ចំរើន អភិបាលស្រុកកណ្តៀង បានជម្រាបថា ស្ថានភាពទូក «ង» ទាំង៣គ្រឿង របស់រដ្ឋបាលខេត្ត ដែលនឹងត្រូវចូលរួមប្រគួត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ គឺស្ថិតក្នុងផែនគូរពិសេស រួមមាន៖
ទី១៖ ទូក «ង» ឈ្មោះ តេជោកែវវិជ័យ បារមីចៅសែន កសាងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១១ ដោយលោក ស៊ុយ សែម ជាទូករបស់វត្តកែវវិជ័យ និងទទួលបានការជួយឧបត្ថម្ភផ្ទាល់ ពីសំណាក់លោកអភិបាលខេត្ត មានប្រវែង ៣៣ម៉ែត្រ ខ្ទង់៤២ ចំណុះកីឡាករ៧៥នាក់ កីឡាករបម្រុង៣០នាក់ សរុបកម្លាំងមានចំនួន១០៥នាក់។ ធ្លាប់ចូលរួមប្រកួតនៅរាជធានីភ្នំពេញ បានចំនួន០៥ដង ទទួលបានចំណាត់ថ្នាក់លេខ១ទាំងអស់។
ទី២៖ ទូក «ង» ឈ្មោះ តេជោសែនជ័យ បារមីឃ្លាំងមឿង កសាងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០០៦ ដោយលោក ស៊ុយ សែម ជាទូករបស់វត្តកញ្ជរខាងជើង និងទទួលបានការជួយឧបត្ថម្ភផ្ទាល់ ពីសំណាក់លោកអភិបាលខេត្ត មានប្រវែង៣១ម៉ែត្រ ខ្ទង់៣៨ ចំណុះកីឡាករ៦៧នាក់ កីឡាករបម្រុង៣៨នាក់ សរុបកម្លាំងមានចំនួន១០៥នាក់។ ធ្លាប់ចូលរួមប្រកួតនៅរាជធានីភ្នំពេញ បានចំនួន០៧ដង ក្នុងនោះទទួលបានចំណាត់ថ្នាក់លេខ១ ចំនួន៥ដង និងលេខ២ ចំនួន២ដង។
ទី៣៖ ទូក «ង» ឈ្មោះ រាំងទិលសាគរសែនមានជ័យ បារមីវត្តកញ្ជរខាងត្បូង កសាងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១០ ដោយលោក ស៊ុយ សែម ជាទូករបស់វត្តកញ្ជរខាងត្បូង និងទទួលបានការជួយឧបត្ថម្ភទាំងស្រុង ពីសំណាក់ លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា មានប្រវែង៣៥ម៉ែត្រ ខ្ទង់៤២ ចំណុះកីឡាករ៧៥នាក់ កីឡាករបម្រុង៣០នាក់ សរុបកម្លាំងមានចំនួន១០៥នាក់។ ធ្លាប់ចូលរួមប្រកួតនៅរាជធានីភ្នំពេញ បានចំនួន០៣ដង ទទួលបានចំណាត់ថ្នាក់លេខ១ ចំនួន២ដង និងលេខ២ ចំនួន១ដង។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា បងប្អូនកីឡាករទាំងអស់ គឺសុទ្ធសឹងជាស្នូល ដែលត្រូវចម្រាញ់ជ្រើសរើស ទើបមានឈ្មោះទៅចូលរួមប្រកួតប្រជែង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ។ លោកបានលើកឡើងថា នៅថ្ងៃទី០៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺជាថ្ងៃកំណត់នៃការប្រណាំងទូក «ង» ថ្នាក់ខេត្ត លើកទី៥ នៅតាមដងស្ទឹងពោធិ៍សាត់។ ដើម្បីឱ្យដំណើការប្រកួតប្រព្រឹត្តិទៅមានភាពរលូន និងល្អប្រសើរ ក្នុងនាមរដ្ឋបាលខេត្ត លោកសូមឱ្យកីឡាករទាំងអស់ គោរពនូវបទបញ្ជាផ្ទៃក្នុង ត្រូវរក្សាឱ្យបាននូវសាមគ្គីភាព មិត្តភាពជាមួយដៃគូ មិនត្រូវបន្តុះ បង្អាប់ ដៀមដាម ឌឺដងដាក់គ្នា ឈ្លោះទាស់ទែង ឬប្រើអំពើហឹង្សា ដែលនាំឱ្យបាត់បង់សេចក្តីថ្លៃថ្នូររបស់កីឡាករឡើយ។
សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៦ ខែវិច្ឆិកាខាងមុខនេះ លោកក៏សូមផ្តាំផ្ញើដល់កីឡាករទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវវិន័យ មានបំនិនក្នុងការរស់នៅស្អាត និងរួមសាមគ្គីគ្នាជាកម្លាំងដ៏រឹងមាំមួយ ដើម្បីយកជ័យជម្នះលើគួរប្រកួតរបស់ខ្លួន ជូនថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត។
ជាមួយគ្នានោះ លោកក៏បានកោតសរសើរ និងលើកទឹកចិត្ត ដល់គណៈកម្មការទូក «ង» និងក្រុមកីឡាករអុំទូកទាំងអស់ ដែលកន្លងមកតែងបានខិតខំបញ្ចេញកម្លាំងកាយ ចិត្ត ស្មារតី ឆន្ទ: និងទេពកោសល្យ ដណ្តើមជ័យលាភីជូនខេត្ត។ ក្នុងឱកាសនោះ លោក ខូយ រីដា ក៏បានប្រគល់អង្ករជានិម្មិតរូប ជូនដល់គណៈកម្មការទូក «ង» និងក្រុមកីឡាករ ទាំង៣ទូក ប្រមាណជាង៣០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ៥០គីឡូក្រាមស្មើៗគ្នាផងដែរ៕