(កំពង់ធំ)៖ ក្រោយពីមានប្រជាពលរដ្ឋជាង២០០នាក់ បានប្រមូលផ្តុំគ្នានៅមុខសាលាខេត្តកំពង់ធំ ដើម្បីសុំតវ៉ាស្នើសុំសិទ្ធិអាស្រ័យផលដីដែលធ្លាប់ប្រើប្រាស់ក្នុងតំបន់៣ ស្ថិតឃុំកំពង់គោ ស្រុកកំពង់ស្វាយ អ្នកនាំពាក្យ រដ្ឋបាលខេត្តកំពង់ធំ បានចេញបំភ្លឺ និងបានអះអាងថា​ ដីដែលស្ថិតក្នុងតំបន់ការពារដែនព្រៃលិចទឹក (តំបន់៣) ជាតំបន់ហាមឃាត់ និងមិនអនុញ្ញាតឲ្យធ្វើការប្រើប្រាស់ និងអាស្រ័យផលទៀតនោះទេ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, បានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋចំនួន២០៣គ្រួសារ មកពីឃុំចំណារលើ និងឃុំចំណារក្រោម ស្រុកស្ទោង ឃុំកំពង់គោ ឃុំសានគរ និងឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ បានប្រមូលផ្តុំគ្នានៅមុខសាលាខេត្តកំពង់ធំ ក្នុងគោលបំណង​​​ស្នើសុំសិទ្ធិ​អាស្រ័យផលដីដែលធ្លាប់ប្រើប្រាស់ក្នុងតំបន់៣ ស្ថិតក្នុងភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយបានលើកឡើងថា ហេតុអ្វីដីស្រែ ប្រជាពលរដ្ឋមួយចំនួនបានកាត់ឆ្កៀល និងផ្តល់សិទ្ធិឲ្យប្រើប្រាស់ ចំណែកដីរបស់ពួកគាត់នៅជិតគ្នា ប៉ុន្តែ មិនមានសិទ្ធិប្រើប្រាស់ និងអាស្រ័យផលបាន?

ដើម្បីឆ្លើយតបនឹងការលើកឡើងខាងលើនេះ អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដល់សាធារណៈជនឲ្យបានជ្រាបថា ទីតាំងដែលប្រជាពលរដ្ឋចំនួន ២០៣គ្រួសារ ស្នើសុំសិទ្ធិប្រើប្រាស់ និង អាស្រ័យផលដែលជាដីស្ថិតក្នុងតំបន់ការពារដែនព្រៃលិចទឹក (តំបន់៣) ជាតំបន់ហាមឃាត់ និងមិន អនុញ្ញាតឲ្យធ្វើការប្រើប្រាស់ និងអាស្រ័យផលនោះទេ៕