(ភ្នំពេញ)៖ លោក អ៉ិន ចន្ថា រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី២ លើការងារថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូ DBST ចំនួន ៨ខ្សែ ប្រវែងសរុប ១៤៨ ៣៧០ម៉ែត្រ និងបំពាក់ស្លាកសញ្ញាចរាចរណ៍ចំនួន ៥១០ស្លាក នៅស្រុករុក្ខគិរី ស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកគាស់ក្រឡ ស្រុកសំឡូត ស្រុករតនមណ្ឌល ស្រុកបាណន់ ខេត្តបាត់ដំបង ដែលទទួលការអនុវត្តន៍ដោយនាយកដ្ឋានផ្លូវលំជនបទ។
នាឱកាសនោះអាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះ បានសម្តែងនូវការសប្បាយរីករាយ និងថ្លែងនូវដឹងគុណជានិច្ចចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់សមិទ្ធផលជាប្រវត្តិសាស្រ្តមួយនេះ នៅក្នុងមូលដ្ឋានរបស់ពួគគាត់ ដែលនេះគឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ការរស់នៅ ខណៈដែលកន្លងមកប្រជាពលរដ្ឋនៅមូលដ្ឋាននេះ តែងតែជួបការលំបាកជាច្រើន នៅក្នុងការធ្វើដំណើរ ការដឹកជញ្ជូនកសិផល ជាពិសេសនៅពេលដែលមានបញ្ហា ជំងឺដង្កាត់ ដែលត្រូវការដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យជាដើម។
ជុំវិញគម្រោងស្ពាននិងផ្លូវខាងលើនេះលោក ប៊ូ ណារិន អនុប្រធានការិយាល័យនៃនាយកដ្ឋានផ្លូវលំជនបទ បានលើកឡើងថា បន្ទាប់ពីបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចមក នាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ បានអនុវត្តការងារនេះភ្លាម ព្រោះការងារស្ថាបនាផ្លូវ និងស្ពាន នៅតាមមូលដ្ឋាន គឺមានសារៈសំខាន់ណាស់ មានផ្លូវ មានស្ពានសម្រាប់ធ្វើដំណើរ ដើម្បីបង្កើតបរិយាកាសដល់ការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ និងបានជួយសម្រួលដល់ប្រជាពលរដ្ឋធ្វើចរាចរទៅមក ដឹកជញ្ជូនផលិតផលកសិកម្ម និងកសិឧស្សាហកម្ម ពិសេសការធ្វើដំណើររបស់សិស្សានុសិស្សទៅរៀន ការដឹកអ្នកជម្ងឺមកកាន់មណ្ឌលសុខភាពបានទាន់ពេលវេលា។
នាឱកាសនោះលោក អ៉ិន ចន្ថា បានលើកឡើងថា ជុំវិញការអភិវឌ្ឍនៅតាមជនបទនេះថា ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននឹងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង នៅលើការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមមូលដ្ឋាន ជាក់ស្តែងផ្លូវជនបទជាច្រើនដូចជា ផ្លូវដីស ផ្លូវល្បាយក្រួស ផ្លូវកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុងដែលស្ថិតនៅក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន នៅតាមសហគមន៍ មានផ្លូវល្អ និងស្ពានល្អ ដោយបាននឹងកំពុងបង្កើតបរិយាកាសអំណោយផលដល់ការរស់នៅរបស់ពួកគាត់។
ជាមួយគ្នានោះលោក អ៉ិន ចន្ថា និងក្រុមគណៈកម្មាធិការអន្តរក្រសួង បានចុះជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនគ្រួសារ ដោយក្នុងនោះលោកបណ្ឌិតរដ្ឋលេខាធិការ បានសំណូមពរដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋាន សូមចូលរួមថែទាំសមិទ្ធផលទាំងនេះទាំងអស់គ្នាដូចជា ការហាមឃាត់ឡានដែលដឹកលើសទម្ងន់កម្រិត និងការកាប់គោះដែលប៉ះពាល់ទ្រូងផ្លូវជាដើម។
ក្នុងជំនួបនេះដែរ, លោកបណ្ឌិតរដ្ឋលេខាធិការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនដល់ប្រជាពលរដ្ឋជាច្រើននាក់ ដោយម្នាក់ៗទទួលបានក្រម៉ា១ ផងដែរ៕