(ពោធិ៍សាត់)៖ កម្លាំងនគរបាលស្រុកវាលវែង ឃាត់ខ្លួនបុរសម្នាក់ពីបទចោរកម្ម ក្រោយការសួរនាំ និងត្រួតពិនិត្យលើខ្លួនមាន គ្រឿងញៀន ឈានដល់ឃាត់ខ្លួនបុរសម្នាក់ទៀត ពីបទចែកចាយគ្រឿងញៀន រួមនឹងវត្ថុតាង។ ប្រតិបត្តិការនេះ ធ្វើឡើងថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចអូរលាក់មាស និងចំណុចត្រពងពង់ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងព្រឹកថ្ងៃទី១០ ខែតុលានេះថា ជនសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួនពីបទចោរកម្ម ដែលកើតឡើង នៅម៉ោង១១៖២៥នាទីព្រឹក ថ្ងៃទី០៨ ខែតុលា ហើយត្រួតពិនិត្យលើខ្លួនមានគ្រឿងញៀន៣កញ្ចប់នោះ ឈ្មោះ អ៊ែល កាំរ៉ី អាយុ២៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិឈើទាលភ្លោះ ស្រុកឆ្លូង ខេត្តក្រចេះ បច្ចុប្បន្នស្នាក់នៅ បណ្តោះអាសន្ន នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង។
លោកអធិការបានបន្តថា ក្នុងប្រតិបត្តិការខាងលើនោះ សមត្ថកិច្ចបានឈានទៅចាប់ខ្លួនជនសង្ស័យ ១នាក់ទៀត នៅថ្ងៃទី៩ ខែតុលា ដែលជាប់ពាក់ព័ន្ធ ករណីចែកចាយគ្រឿងញៀនឈ្មោះ ភៀន សុភា អាយុ ៣៧ឆ្នាំ (ប្តី) មានប្រពន្ធឈ្មោះ អ៊ុត តុន អាយុ៣៧ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង។
វត្ថុតាងដែលដកហូត ពីជនសង្ស័យឈ្មោះ អ៊ែល កាំរ៉ី រួមមាន ថ្នាំញៀនម្សៅក្រាមព័ណ៌ស ៣កញ្ចប់ ដែលបានទិញពីឈ្មោះ ភៀន សុភា ហើយសមត្ថកិច្ចបានបានឆែកឆេរក្នុងផ្ទះ និងជុំវិញផ្ទះ រកឃើញថ្នាំញៀន៣កញ្ចប់ ជញ្ជីងសម្រាប់ថ្លឹងចំនួន១ និងសម្ភារបម្រើឲ្យការជួញដូរ មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលស្រុកវាលវែង ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕