(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចេញមកបញ្ជាក់ជាថ្មីថា កងយោធពលខេមរភូមិន្ទ ត្រូវការពារដាច់ខាតរដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល ស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ការពារសមិទ្ធផលសង្គមជាតិ និងការពារផលប្រយោជន៍ប្រជាជន។ ដោយឡែកបដិវត្តន៍ពណ៌ គឺជាសត្រូវរបស់ប្រជាជននៅក្នុងយុគសម័យកម្ពុជាមានសន្តិភាព។
ការចេញមកបញ្ជាក់បែបនេះរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានធ្វើឡើងនៅចំពោះមេទ័ពកំពូលៗ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិជាច្រើនរយនាក់ ក្នុងពិធីប្រារព្ធមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ឆ្នាំ ទិវាកងយោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣ - ០៩ វិច្ឆិកា ២០២៤) នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នាទីស្តីការក្រសួងការពារជាតិ។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា ទោះបីប្រឈមជាមួយនឹងបញ្ហាស្មុគស្មាញយ៉ាងក្តី ប៉ុន្តែរាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅតែថែរក្សា ការពារបានយ៉ាងរឹងមាំ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជីវភាពសង្គម សេដ្ឋកិច្ចមានដំណើរការល្អជាប្រក្រតី។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះសភាពការណ៍ក្នុងកងយោធពលខេមរភូមិន្ទ កន្លងមកក៏ដូចជាបច្ចុប្បន្ន កងកម្លាំងរបស់យើង នៅតែរក្សាបានភាពស្មោះត្រង់និងភាពដាច់ខាតនៅក្នុងកិច្ចការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ និងត្រៀមលក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការរដ្ឋាន»។
រដ្ឋមន្ត្រីការពារជាតិ បានឱ្យដឹងថា កងទ័ពបានអនុវត្តទៅតាមយុទ្ធសាស្ត្រ៣ នៃសកម្មភាព ប្រតិបត្តិការ និងអភិវឌ្ឍ១០ ដែលរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់លើកិច្ចការការពារបូរណភាពទឹកដី ដោយឈរលើការប្ដេជ្ញាចិត្ត ស្មារតីទទួលខុសត្រូវ ឆន្ទៈមោះមុត ការគោរពវិន័យ និងភាពបត់បែនដើម្បីរក្សា សន្តិភាព និងពង្រឹង សន្តិសុខនៅតាមព្រំដែន។
ទន្ទឹមនឹងនេះ កងទ័ពបន្ទាប់ពីសង្គ្រាមបានចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការទាំងឡាយ ដែលពាក់ព័ន្ធជាមួយនឹងការកើតឡើងនៃគ្រោះមហន្តរាយ បានឆ្លងកាត់ការងារលំបាកជាច្រើនដូចជា៖ ទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត និងយុទ្ធនាការនៅក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេស រួមចំណែកដើម្បីជួយសង្គ្រោះគ្រោះមហន្តរាយដល់អាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងរាតត្បាតផ្សេងៗ។ ចំណុចនេះជាសក្ខីភាពបានបង្ហាញច្បាស់ថាកងទ័ព បានធ្វើកិច្ចការជាច្រើនស្របជាមួយនឹងគោលនយោបាយខឿនការពារជាតិរបស់ប្រជាជន។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានគូសបញ្ជាក់ថា មកដល់ពេលនេះ ប្រជាជនរស់នៅក្រោមម្លប់នៃសន្តិភាព ភាពសប្បាយរីករាយ រុងរឿង សុខដុមរមនា ជាមួយគ្រួសារខ្មែរតែមួយ។ រីឯ «បដិវត្តន៍ពណ៌» គឺជាសត្រូវរបស់ ប្រជាជនកម្ពុជាក្នុងយុគសម័យកម្ពុជាមានសន្តិភាព ហើយការប្រើឧបាយកលបដិវត្តន៍ពណ៌ ដែលជាយុទ្ធវិធីនយោបាយលាបពណ៌ដើម្បីផ្លាស់ប្ដូរបស់ពួកអ្នកនយោបាយប្រឆាំងជ្រុលនិយម និងបក្ខពួកបរទេសមួយចំនួនតូច នៅក្រៅប្រទេសតាមរយៈការបំផុសឱ្យមានកម្លាំងមហាជនក្រោកឈរឡើងបះបោរបង្កភាពចលាចល មិនទុកចិត្តគ្នាក្នុងសហគមន៍ជាតិ ជាពិសេសការបំផុសបំផុលដែលអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ បះបោរផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក៏ដូចជាការប្រមាថដល់អង្គព្រះមហាក្សត្រជាទីសក្ការៈ គឺជាអំពើក្បត់ជាតិធ្ងន់ធ្ងរ ប្រឆាំងបំពានរដ្ឋធម្មនុញ្ញ និងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបំផ្លាញដល់សន្តិភាព បំផ្លាញប្រជាធិបតេយ្យ និងសេរីភាពរបស់ប្រជាជនកម្ពុជា។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានជំរុញឱ្យកងទ័ពបន្តពង្រឹង និងអភិវឌ្ឍវិស័យការពារជាតិរបស់កម្ពុជា ដោយឈរលើមូលដ្ឋាននៃការគោរពរដ្ឋធម្មនុញ្ញ ច្បាប់ជាតិនិងអន្តរជាតិ។ ការពាររឹងមាំដាច់ខាតនូវ ឯករាជ្យអធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះត្រូវបន្តពង្រឹងខឿនការពារជាតិកម្ពុជា ដោយយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍកងកម្លាំងឱ្យក្លាយជាកងទ័ពដែលមានវិជ្ជាជីវៈខ្ពស់ មានស្មារតី ឆន្ទៈដាច់ខាតស្មោះត្រង់ចំពោះជាតិមាតុភូមិ និងប្រជាជន គោរពឱ្យបានម៉ឺងម៉ាត់នូវរាល់បទប្បញ្ញត្តិ សារាចរណែនាំ លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ បទដ្ឋានគតិយុត្ត ប្រកាន់ខ្ជាប់នូវប្រពៃណី និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ និងក្លាយជាកម្លាំងពិត ដើម្បីការពារជាតិមាតុភូមិ និងប្រជាជន៕