(សហរដ្ឋអាមេរិក)៖ ការតស៊ូមតិជុំទី២ «Face to Face» រវាងលោក ត្រំា និង លោកស្រី ហ៊ីលឡារី គ្លីនតុន បានចាប់ផ្ដើមហើយ នៅយប់ថ្ងៃអាទិត្យ (ម៉ោងនៅក្នុងសហរដ្ឋអាមេរិក) ដោយនៅលើកនេះបេក្ខជនប្រធានាធិបតីទំាងពីរ បានធ្វើការជជែកដេញដោលគ្នា តាមកញ្ចក់ទូរទស្សន៍ និងបើកសិទ្ធិឱ្យអ្នកចូលរួម សួរសំណួរទៅកាន់អ្នកទំាងពីរ។ នេះបើយោងតាមការដឹងពីស្ថាននីយ៍ទូរទស្សន៍ CNN នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០១៦។
វេទិកាតស៊ូមតិជុំទីពីរនេះ (Debate) មានរយៈពេល៩០នាទី ត្រូវបានធ្វើឡើងនៅឯសាកលវិទ្យាល័យ Washington Saint-Louis នៃរដ្ឋ Missouri និង ចំពេលបេក្ខជនប្រធានាធិបតីអាមេរិក នៃគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ កំពុងរងការរិះគន់យ៉ាងខ្លំាងចំពោះ ការប្រើពាក្យសម្ដីមិនគួរគប្បីលើស្រី្ត។ បន្ថែមពីលើនេះបន្ទាប់ ពីមានរឿងអាស្រូវនេះ ថ្នាក់ដឹកនាំគណបក្សសាធារណរដ្ឋមួយចំនួនដូចជា លោក John McCain លោក Mitt Romney និង លោកស្រី Condoleezza Rice បានអះអាងថា នឹងមិនបោះឆ្នោតឱ្យលោក ដូណាល់ ត្រាំ ឡើយ។
សូមជំរាបថា នៅក្នុងវេទិកាតស៊ូមតិកាលពីលើកមុន ការស្ទង់មតិជាច្រើន បានបង្ហាញថា បេក្ខជនប្រធានាធិបតី អាមេរិកមកពី គណបក្សប្រជាធិបតេយ្យ លោកស្រី ហីលឡារី គ្លីនតុន គឺជាអ្នកនំាមុខលើលោក ដូណាល់ ត្រាំ។ ចំណែកឯ វេទិកាតស៊ូមតិជុំទីពីរនេះ គេឃើញថា ប្រធានបទសំខាន់ដែលអ្នកទំាងពីរ ជជែកដេញដោលគ្នា នោះ គឺពាក់ព័ន្ធនឹងការបង់ពន្ធ និងការរើសអើងចំពោះជនភៀសខ្លួន កាន់សាសនាអ៊ីស្លាមនៅក្នុងសហរដ្ឋអាមេរិក៕