(ភ្នំពេញ)៖ និស្សិតកម្ពុជាសរុប១៤រូប មាននិស្សិតអនុបណ្ឌិត១២រូប និងបណ្ឌិត២រូប ទទួលបានអាហារូបករណ៍សិក្សាជំនាញអគ្គិសនី សម្រាប់ឆ្នាំសិក្សា២០២៤ នៅប្រទេសបារាំង ក្រោមជំនួយឥតសំណងពីសហភាពអឺរ៉ុប តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងដោយមានការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គិសនីកម្ពុជា (EDC)។
ពិធីប្រគល់អាហារូបករណ៍ដល់និស្សិតថ្នាក់អនុបណ្ឌិត និងបណ្ឌិត ផ្នែកអគ្គិសនីនេះ ត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា (EDC) លោក Koen Everaert អនុប្រធានទទួលបន្ទុកកិច្ចការសហប្រតិបត្តិការស្ថានទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Emmanuel Dollfus នាយករងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំកម្ពុជា និងលោក Christophe Bobineau តំណាងវិទ្យាស្ថានពហុបច្ចេកទេសហ្គីណូប (Grenoble INP-UGA)។
លោកបណ្ឌិត ប្រាំង ជលសា បានឱ្យដឹងថា អគ្គិសនីកម្ពុជា (EDC) បានទទួលភារកិច្ចជាអាទិភាពពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគម្រោងធ្វើទំនើបកម្មលើប្រព័ន្ធបណ្តាញបញ្ជូន និងចែកចាយអគ្គិសនី ក្នុងក្របខណ្ឌនៃឥណទានសម្បទានចំនួន២៥លានអឺរ៉ូ ពីសាធារណរដ្ឋបារាំង និងជំនួយឥតសំណងចំនួន៤.១លានអឺរ៉ូពីសហភាពអឺរ៉ុប តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។
ឥណទានសម្បទាននិងជំនួយឥតសំណងទាំងនេះ គឺសម្រាប់អនុវត្តគម្រោង រួមមាន៖
១-ការធ្វើទំនើបកម្មប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនី។
២-ការធ្វើទំនើបកម្មប្រព័ន្ធសុវត្ថិភាពបច្ចេកវិទ្យា និងការគ្រប់គ្រងឌីជីថល។
៣-ការធ្វើទំនើបកម្មការស្រាវជ្រាវ បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពធនធានមនុស្ស។
លោកបណ្ឌិតបានបន្តថា នៅក្នុងកញ្ចប់ជំនួយឥតសំណងពីសហភាពអឺរ៉ុប ថវិកាប្រមាណ១.៤លានអឺរ៉ូ នឹងត្រូវយកមកប្រើប្រាស់សម្រាប់ការស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកអគ្គិសនី ដោយក្នុងនោះថវិកា០.៤លានអឺរ៉ូ សម្រាប់ការផ្គត់ផ្គង់ឧបករណ៍ពិសោធន៍បម្រើឲ្យការសិក្សាស្រាវជ្រាវ ហើយថវិកា១លានអឺរ៉ូទៀតនឹងត្រូវប្រើប្រាស់លើការផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិតចំនួន៤នាក់ ថ្នាក់អនុបណ្ឌិតចំនួន៣៣នាក់ និស្សិតបារាំងមកសិក្សាស្រាវជ្រាវនៅកម្ពុជា រយៈពេល៦ខែ ចំនួន៨នាក់ និងការផ្លាស់ប្តូរបទពិសោធន៍សម្រាប់សាស្ត្រាចារ្យ និងអ្នកជំនាញកម្ពុជា-បារាំងចំនួន៤០នាក់ សម្រាប់រយៈពេល៤ឆ្នាំ គិតចាប់ពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៧ ដែលមានប្រធានបទពាក់ព័ន្ធនឹង៖ ១-ស្ថិរភាពប្រព័ន្ធអគ្គិសនី ២-ការៀបចំផែនការលើប្រព័ន្ធអគ្គិសនី ៣-ប្រតិបត្តិការ និងការគ្រប់គ្រងលើប្រព័ន្ធអគ្គិសនី ៤-ការរួមបញ្ចូលនៃប្រភពថាមពលតូចៗ និង៥-សេដ្ឋកិច្ចថាមពល។
លោកបណ្ឌិតបានរំឭកដែរថា កាលពីឆ្នាំសិក្សា២០២៣ គណៈកម្មការគម្រោងសម្រេចបានលទ្ធផលជ្រើសរើសបេក្ខភាពចំនួន១១រូប សម្រាប់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតឆ្នាំទី១នៅកម្ពុជា និងបេក្ខភាព២រូប សម្រាប់អាហារូបករណ៍ថ្នាក់បណ្ឌិត ដែលក្នុងនោះមានបេក្ខភាព៥រូប ទទួលបានឱកាសបន្តការសិក្សាថ្នាក់អនុបណ្ឌិតឆ្នាំទី២ និង១រូប បន្តការសិក្សា ថ្នាក់បណ្ឌិតនៅប្រទេសបារាំង។ ទន្ទឹមនឹងនេះ បេក្ខភាពចំនួន២រូបនឹងត្រូវធ្វើកម្មសិក្សាសម្រាប់ថ្នាក់អនុបណ្ឌិតរយៈពេល៦ខែ នៅប្រទេសបារាំងក្នុងឆ្នាំ២០២៥។
លោកបណ្ឌិត ប្រាំង ជលសា បានបន្តទៀតថា ចំពោះអាហារូបករណ៍ឆ្នាំសិក្សា២០២៤ សម្រាប់ថ្នាក់បណ្ឌិត និងអនុបណ្ឌិតបានប្រកាសឱ្យដាក់ពាក្យនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ និងផុតកំណត់នៃការដាក់ពាក្យនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ដែលក្នុងនោះ មានបេក្ខភាពដាក់ពាក្យស្នើសុំជាមន្ត្រីអគ្គិសនីកម្ពុជា និងនិស្សិតចំនួន២១រូប បានដាក់ពាក្យហើយត្រូវបានវាយតម្លៃដោយគណៈកម្មការមកពី៖ អគ្គិសនីកម្ពុជា (EDC) វិទ្យាស្ថានបច្ចេកវិទ្យា (ITC) និងវិទ្យាស្ថានពហុបច្ចេកទេសហ្គីណូប (Grenoble INP-UGA)។ ជាលទ្ធផល និស្សិតអនុបណ្ឌិត១២រូប និងបណ្ឌិត២រូប ក្នុងនោះបេក្ខភាពនារីអនុបណ្ឌិតចំនួន២រូប និងបណ្ឌិតចំនួន១រូប ត្រូវបានជ្រើសរើស។
ជាមួយនឹងការបន្តកិច្ចសហប្រតិបត្តិការដ៏មានសារសំខាន់នេះ លោកបណ្ឌិត ប្រាំង ជលសា សង្ឃឹមថា និស្សិត និងអ្នកជំនាញរបស់ប្រទេសកម្ពុជា និងប្រទេសបារាំង នឹងទទួលបាននូវការបណ្តុះបណ្តាលដែលមានគុណភាព រួមនឹងបទពិសោធន៍ល្អៗដែលផ្តល់ដោយសាស្ត្រាចារ្យ និងអ្នកជំនាញនៃប្រទេសទាំងពីរ ដែលនឹងបង្កើននូវធនធានមនុស្សប្រកបដោយសក្តានុពលចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសនាពេលអនាគត៕