(តាកែវ)៖ នាយកទីចាត់ការផែនការវិនិយោគខេត្តតាកែវ លោក ហេង វុទ្ធី និងមន្រ្តី២នាក់ជាកូនចៅរបស់ខ្លួន ដែលអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនកាលពីថ្ងៃទី៥ ខែវិឆ្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្តតាកែវ នៅថ្ងៃទី០៧ ខែវិច្ឆិកាដោយចោទប្រកាន់ចំនួន៣បទល្មើស។

លោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាធអមសាលាដំបូងខេត្តតាកែវ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា មន្រ្តីទាំង៣នាក់ខាងលើត្រូវបានចោទប្រកាន់តាមច្បាប់ប្រឆាំងអំពើពុករលួយ លើមាត្រា៣៥ ពីបទរំលោភអំណាច និងពុករលួយមាត្រា៣៨ នៃច្បាប់ស្ដីពីសំអាតប្រាក់ និងមាត្រា៧៦ នៃច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ។

មន្ត្រីសាលាខេត្តតាកែវ៣នាក់ រួមមាន លោក ហេង វុទ្ធី នាយកទីចាត់ការផែនការវិនិយោគរបស់សាលាខេត្តតាកែវ និងមន្ត្រីរបស់លោក២នាក់ទៀត គឺលោក ម៉ម វិចិត្រ និងម្នាក់ទៀតឈ្មោះ យន់ សុធន់ មន្រ្តីទីចាត់ការផែនការវិនិយោគ ត្រូវបានអង្គភាពប្រឆាំងពុករលួយ ឃាត់ខ្លួនកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ យកទៅសួរនាំនៅអង្កភាពប្រឆាំងអំពើពុករលួយ ហើយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវបានបញ្ជូនមកកាន់សាលាដំបូងខេត្តតាកែវវិញ ហើយត្រូវបានចោទប្រកាន់ និងឃុំខ្លួននៅពន្ធនាគារខេត្តតាកែវជាបណ្ដោះអាសន្ន។

បើយោងតាមតាមមាត្រា៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ «បទរំលោភអំណាច» បានចែងថា អំពើប្រព្រឹត្តដោយអ្នករាជការសាធារណៈ ឬដោយពលរដ្ឋដែលទទួលអាណត្តិសាធារណៈតាមការបោះឆ្នោតនៅក្នុងការបំពេញមុខងាររបស់ខ្លួន ឬក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន ចាត់វិធានការរារាំងការអនុវត្តច្បាប់ ដើម្បីទទួលបានដោយខុសច្បាប់នូវអត្ថប្រយោជន៍ណាមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ ១០ដប់លានរៀល។ បទល្មើសនេះត្រូវផ្តន្នាទោសដាក់ពន្ធនាការពី៥ឆ្នាំ ទៅ១០ឆ្នាំ ប្រសិនបើបទល្មើសនេះមានប្រសិទ្ធភាព៕