(កំពង់ស្ពឺ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ មានមតិផ្ដាំផ្ញើក្នុងកម្មវិធីបិទវេទិកាថ្នាក់ខេត្ត ស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល៣ឆ្នាំ២០២១-២០២៣ នៅខេត្តកំពង់ស្ពឺ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានបញ្ជាក់ថា តាមរយៈការធ្វើបទអន្តរាគមន៍លើប្រធានបទសំខាន់ៗ ដែលបាន លើកឡើងដោយរដ្ឋបាលឃុំ-សង្កាត់ ក្រុង-ស្រុក មន្ទីរ -អង្គ ភាព នានាជុំវិញខេត្ត ស្នងការនគរបាលខេត្ត អង្គការសង្គមស៊ីវិល សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានបង្ហាញឲ្យឃើញថា អង្គភាពពាក់ពន្ធ័នានាទាំងអស់ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៃខេត្តកំពង់ស្ពឺ មានការយល់ដឹងស៊ីជម្រៅ អំពីដំណើរការ និងសារៈសំខាន់ នៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ។

ក្នុងនោះ បញ្ហាប្រឈមទាំង២៧៤ករណី ត្រូវបានដាក់ជូនពិភាក្សា រកដំណោះ ស្រាយក្នុងអង្គវេទិកា និងមានការចូលរួមយ៉ាងផុល ផុសពីសមាជិក សមាជិកា នៃអង្គវេទិកា ជាលទ្ធផលយើងទទួលបានបញ្ហាប្រឈមសរុប ដែលស្នើសុំ ដោះស្រាយនៅថ្នាក់ខេត្ត និងស្នើទៅថ្នាក់ជាតិ៖ មានចំនួន ៨៤ករណី បញ្ហាប្រឈមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ស្នើសុំឱ្យរដ្ឋបាលខេត្តជួយដោះ មានចំនួន២៩ករណី។

លោកបណ្ឌិតបានបន្តទៀតថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត បានថ្លែងនូវការដឹងគុណ និងអរគុណចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ ពិសេសការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃកម្ពុជា ដែលបានបន្តការដឹកនាំ និងប្តេជ្ញាគាំទ្រអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅពង្រឹងដល់ដំណើរការផ្ទេរធនធានមុខងារ មករដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

បន្ថែមពីនេះ លោកបានថ្លែអំណរគុណដល់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ គ្រប់លំដាប់ថ្នាក់ ដែលតែងតែគាំទ្រ ណែនាំ តម្រង់ទិសជាប់ជាប្រចាំដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងការអនុវត្តតួនាទីភារកិច្ច និងមុខងារតាមការកំណត់របស់ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលខេត្ត និងលិខិតបទដ្ឋានគតិយុត្តិនានា ជាមួយគ្នានេះក៏សូមថ្លែងនូវការអរគុណដល់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងតែឧបត្ថម្ភគាំទ្រផ្នែកធនធានហិរញ្ញវត្ថុ ដល់រដ្ឋបាលខេត្ត ដើម្បីអភិវឌ្ឍន៍ គម្រោងនានាឆ្លើយតបនូវតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ និងសូមគោរពអរគុណដល់គ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិ ដែលបានគាំទ្រ និងបានផ្តល់កិច្ច សហការដល់រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឲ្យទទួលបានជោគជ័យសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នាពេលខាងមុខ។

ទន្ទឹមនេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសំណូមពរដល់រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ដែលបាននិងកំពុងអនុវត្តកម្មវិធីជាតិរយៈពេល១០ឆ្នាំ ដំណាក់កាលទី២ ដែលត្រូវបានប្រសិទ្ធិនាមថា (ជារដ្ឋបាលមូលដ្ឋាន) ត្រូវបន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តិនានារបស់ក្រសួង ស្ថាប័ន ដែលបានដាក់ចេញពាក់ព័ន្ធនិងកម្មវិធីកំណែមជ្ឈការ និងវិសហមជ្ឈការ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តមុខងារប្រកបដោយ ប្រសិទ្ធិភាព និងប្រសិទ្ធផលខ្ពស់។

សូមជម្រាបថា ក្នុងកម្មវិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត តំណាងលេខាធិការដ្ឋានគ.ជ.អ.ប. តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក នាយករដ្ឋបាល លោកនាយករងរដ្ឋបាល លោកនាយកទីចាត់ការ ប្រធានអង្គភាពចំណុះរដ្ឋបាលខេត្ត កងកម្លាំង ប្រដាប់អាវុធទាំងបី លោកប្រធានក្រុមប្រឹក្សាក្រុង ស្រុក លោក អភិបាល អភិបាលរងក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ តំណាងអង្គការសង្គមស៊ីវិល តំណាងសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងអ្នកពាក់ព័ន្ធនានា សរុបប្រមាណជា៤០៤នាក់៕