(ភ្នំពេញ)៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានបង្ហោះសារអបអរសាទរកម្ពុជា ដែលឈ្នះ ឈ្នះពានរង្វាន់អង្ករល្អប្រណីតផ្តាច់គេលើពិភពលោក ជាលើកទី៦។
លោកឯកអគ្គរដ្ឋទូតបានបង្ហោះសារលើបណ្តាញសង្គមរបស់ខ្លួនដូច្នេះថា «អង្ករក្រអូបកម្ពុជា ឈ្នះពានរង្វាន់អង្ករល្អប្រណីតផ្តាច់គេលើពិភពលោក (World Best Rice) ជាលើកទីប្រាំមួយនៅក្នុង កម្មវិធី «សន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៤» ដែលជាការបញ្ជាក់កាន់តែច្បាស់ជាថ្មីម្ដងទៀត អំពីគុណភាពនៃអង្ករក្រអូបកម្ពុជា។ សូមចូលរួមអបអរសាទរ»។
សូមជម្រាបថា ប្រទេសចិន គឺជាទីផ្សារនាំចេញអង្ករដ៏ធំរបស់កម្ពុជា។ ក្នុងឆ្នាំ២០២៣ កម្ពុជានាំចេញទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តហុងកុង បានចំនួន ២១២ ៧៥៦តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៣៨លានដុល្លារ។ សម្រាប់១០ខែ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញអង្ករទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ៩៣ ១៩៧ តោន គិតជាទឹកប្រាក់ចំនួន ៦១.៤៨ លានដុល្លារសហរដ្ឋអាមេរិក។
សូមជម្រាបថា អង្ករក្រអូបប្រណិតកម្ពុជា បានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេ លើពិភពលោកជាលើកទី៦ ក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោក នៅក្នុងកម្មវិធី «សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៤» នាទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយវិទ្យាស្ថានគ្រាប់ធុញ្ញជាតិអន្តរជាតិ International Commodity Institute (ICI) និង The Rice Trader (TRT) របស់សហរដ្ឋអាមេរិក៕