(កំពង់ធំ)៖ នាឱកាសអញ្ជើញចុះពិនិត្យមើលតំបន់បីនៅក្នុងភូមិសាស្ត្រ ឃុំម្សាក្រង និងឃុំប្រឡាយ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវគ្រប់ភាគីពាក់ព័ន្ធចូលរួមអភិរក្សធនធានធម្មជាតិព្រៃលិចទឹកឱ្យបានគង់វង្ស។

បន្ថែមពីនេះលោក សាយ គឹមឡម បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សហការចូលរួមថែរក្សាការពារព្រៃលិចទឹកជៀសវាងដាច់ខាចការរុករានទន្ទ្រាន ឬបំពានដី និងព្រៃនៅក្នុងតំបន់បី ព្រោះតំបន់នេះ ជាតំបន់ហាមឃាត់ជាតំបន់ដែលត្រូវអភិរក្សជាគោលនយោបាយ និងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៧ គឺសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទុកជាជម្រកត្រីពងនិងជីវចម្រុះ។

លោកបញ្ជាដាច់ខាតដល់កងកម្លាំងទាំងបី ក្រុមការងារដែលកំពុងប្រតិបត្តិការនៅទីបញ្ជាការស្រាល និងអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការអប់រំនិងបង្រ្កាបឲ្យបានដូចភ្លៀងរលឹមធ្វើយ៉ាងណាសំដៅការពារ និងអភិរក្សព្រៃ និងធនធានធម្មជាតិនៅតំបន់បីនេះឲ្យខាងតែបាន៕