(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប រួមទាំងលោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទជិតឆ្ងាយ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដង្ហែអង្គកឋិនទាននៅវត្តប្រាសាទគោកចក នៅសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដោយប្រមូលបច្ច័យជាង ៥០លានរៀលទុ កសម្រាប់ផ្គត់ផ្គង់ចង្ហាន់ប្រចាំថ្ងៃដល់ព្រះសង្ឃ និងជួសជុលកសាងសមទ្ធិផលនានានៅក្នុងវត្ត។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក បានសម្តែងនូវព្រះទ័យសោមនស្សសាទរចំពោះសទ្ឋាជ្រះថ្លារបស់ប្រជាពុទ្ឋបរិស័ទជិតឆ្ងាយ ដែលបានស្រុះស្រួលគ្នាដង្ហែអង្គកឋិននេះឡើង ហើយនេះជាសទ្ធាបញ្ជាក់ឱ្យឃើញពីការជឿគោរពព្រះពុទ្ឋសាសនា និងស្មារតីសាមគ្គីជួយគ្នារបស់ប្រជាពុទ្ឋបរិស័ជិតឆ្ងាយ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានចំរើនរុងរឿងនៅយូរអង្វែង និងជាការជួយទំនុកបំរុងដល់ព្រះភិក្ខុសង្ឃ ក្រោយពីគង់ចាំព្រះវស្សាអស់កាលត្រីមាសកន្លងមក។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានសង្ឃថេរដីកាថា តាមវិន័យវត្តមួយទទួលអង្គកឋិនបានតែម្ដងទេ ក្នុងរយៈកាលនៃរដូវកឋិនមាន២៩ថ្ងៃ។ ពិធីបុណ្យកឋិនទាននេះគឺជាការជួយទំនុកបំរុងបច្ច័យបួនសង្រ្គោះដល់ភិក្ខុសង្ឃដែលបានគង់ចាំព្រះវស្សាអស់កាលត្រីមាស និងបម្រើដល់ប្រយោជន៍ កសាង និងអភិវឌ្ឍទីអារាម និងជាចតុបច្ច័យសម្រាប់ទ្រទ្រង់ដល់ព្រះសង្ឃគង់ និងសិក្សារៀនសូត្រជាដើម។
ព្រះគ្រូចៅអធិការ ថេរដីកាបន្ថែមថា បច្ច័យដែលអង្គកឋិនទានប្រមូលបានពីពុទ្ធបរិស័ទចូលរួមនោះឆ្នាំនេះទទួលបានជាង ៥៤លានរៀល និង៦០០ដុល្លារ ( ដោយមិនទាន់បានទូទាត់ក្នុងការចំណាយផ្សេងៗ)។ ហើយបច្ច័យដែលនៅសល់ពីការចំណាយផ្សេងៗ គឺសម្រាប់ផ្គត់ផ្គង់ចង្ហាន់ប្រចាំថ្ងៃដល់ភិក្ខុសាមណេរ និងមួយចំនួននឹងបែងចែកផ្គត់ផ្គង់ថ្លៃទឹកថ្លៃភ្លើងព្រមទាំងជួសជុលនិងការកសាងសមិទ្ធផលនានា ទីសេនាសនៈសង្ឃ និងរៀបចំបរិស្ថាន សួនច្បារក្នុងបរិវេណវត្តផងដែរ។
ព្រះគ្រូចៅអធិការ ថេរដីកាបញ្ជាក់ថា នេះជាការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ មានការអភិវឌ្ឍន៍រីកចម្រើន ថ្កុំថ្កើងតទៅអនាគត ព្រមទាំងទុកសម្រាប់ជួយឧបត្ថម្ភដល់គ្រួសារជួបគ្រោះមហន្តរាយ និងគ្រួសារងាយរងគ្រោះនៅតាមមូលដ្ឋាន ក្នុងភូមិសាស្ត្រខេត្តសៀមរាបផងដែរ៕