(ភ្នំពេញ)៖ ក្រុមជ្រុលនិយម សម រង្ស៊ី តែងប្រៀបប្រដូចការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ថាផ្តាច់ការ និងការប្រៀបប្រដូចនេះមិនខុសគ្នានឹងអ្វីដែលមានការប្រៀបប្រដូចលោក ដូណាល់ ត្រាំ មុននេះថា ជាមេដឹកនាំហ្វាស៊ីស្ត ហ៊ីត្លែ័រ ឡើយ។ ប៉ុន្តែមិនមែនដោយសារតែការប្រៀបប្រដូចទាំងនោះ អាចបិទបាំងពលរដ្ឋនៃសាមីប្រទេស មិន ឃើញនូវការពិតនៃកិច្ចប្រឹងប្រែងដើម្បីប្រទេសជាតិរបស់ខ្លួនឡើយ សម្តេច តេជោ ហ៊ុន សែន នៃប្រទេសកម្ពុជា ត្រូវប្រជាពលរដ្ឋខ្មែរចាត់ទុកជាវីរបុរសនាំប្រទេសអស់សង្គ្រាម និងមានសន្តិភាពពិតប្រាកដ ខណៈលោក ដូណាល់ ត្រាំ ត្រូវពលរដ្ឋអាមេរិកបានមើលឃើញនូវនយោបាយគាំទ្រសន្តិភាព និងបំបាត់សង្គ្រាម និងទីបំផុតពលរដ្ឋអាមេរិកក៏បានបោះឆ្នោតគាំទ្រ ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីលើកទី៤៧នៃប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក។ លោក ម៉ារ យ៉ារិទ្ធិ មានបទវិចារណកថា...
ជ័យជំនះរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ដែលគេតែងចោទលោកថា ជាមនុស្សផ្តាច់ការ ដោយការប្រៀបប្រដូចរូបលោកទៅនឹងមេដឹកនាំហ្វាស៊ីស្ត ហ៊ីត្លែរ ថែមទៀតនោះ បានក្លាយជាមេរៀនមួយនៃប្រវត្តិសាស្ត្រពិភពលោក។
លោក ដូណាល់ ត្រាំ នឹងក្លាយជាប្រធានាធិបតីលើកទី៤៧ របស់សហរដ្ឋអាមេរិកដោយសារនយោបាយរបស់លោក គឺប្រឆាំងសង្គ្រាម និងនយោបាយប្រជានិយម America First ដែលផ្តោតការគិតគូរសំខាន់បំផុតលើសុខទុក្ខពលរដ្ឋអាមេរិកនៅក្នុងប្រទេស។ ដូច្នេះ ដោយសារតែភាពជឿជាក់លើនយោបាយប្រជានិយម America First និងការប្រឆាំងសង្គ្រាមនោះហើយ លោក ដូណាល់ ត្រាំ ទីបំផុតត្រូវបានពលរដ្ឋអាមេរិកគាំទ្រ ដោយធ្វើការបោះឆ្នោតឱ្យរូបលោកក្លាយជាប្រធានាធិបតីម្តងទៀតក្នុងអាណ្ណត្តិទី២។ ដូច្នេះទោះសម្តីចោទប្រកាន់លាបពណ៌ថា ដូ ណាល់ត្រាំ ជា Adolf Hitler យ៉ាងណាក្តីការពិត គឺស្ថិតនៅលើប្រជាពលរដ្ឋអាមេរិក ដែលជាអ្នកសម្រេចនោះទេ។
មិនខុសគ្នានឹងនយោបាយរាជរដ្ឋាភិបាលកម្ពុជា កាច់ចង្កូតដោយគណបក្សប្រជាជនកម្ពុជា នាបច្ចុប្បន្ននេះឡើយ ដែលតែងចាត់ទុកកត្តាសន្តិភាពជាអទិភាពកំពូល និងការយកចិត្តទុកដាក់លើសុខទុក្ខជីវភាពរបស់ពលរដ្ឋខ្មែរ រហូតដល់មានការដាក់ចេញនូវចក្ខុវិស័យឆ្នាំ២០៥០ ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ថែមទៀត។
ទោះជាយ៉ាងណាក៏ដោយ ក្រុមជ្រុលនិយមដឹកនាំដោយមេខ្លោងឈ្មោះ សម រង្ស៊ី ដែលមានទិសដៅចង់ នាំប្រទេសកម្ពុជាមានសន្តិភាពឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាជាថ្មីវិញនោះ បានព្យាយាមទាំងយប់ទាំងថ្ងៃ រិះរកមធ្យោបាយយ៉ាងណាចង់បំផ្លាញឆ្នាំងបាយពលរដ្ឋខ្មែរនៅក្នុងស្រុក តាមរយៈការប្រឌិតរឿង ដោយនិយាយលាបពណ៌អាក្រក់អំពីជាតិសាសន៍ខ្មែរ ដើម្បីចង់ឱ្យបរទេសដាក់ទណ្ឌកម្ម និងការរារាំងទេសចរណ៍បរទេសមិនឱ្យចូលមកលេងក្នុងប្រទេសកម្ពុជា និងគោលដៅធំបំផុតនោះគឺការញុះញង់រកចលនាបដិវត្តន៍ពណ៌ ដូចអ្វីដែល សម រង្ស៊ី លើកអំពីករណីកើតឡើងនៅក្នុងប្រទេសបង់ក្លាដេស្ហ។
កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក៏ត្រូវបានក្រុមជ្រុលនិយមចោទយ៉ាងបំពានថា «ក្រុមគ្រួសារត្រកូលហ៊ុន» ប្រព្រឹត្តអំពើផ្តាច់ការនិងពុករលួយ ខណៈពលរដ្ឋខ្មែរក្នុងស្រុក ដែលបានមើលឃើញនូវការពិតនិងកំពុងរស់ក្នុងសុខសន្តិភាពជាមួយនឹងប្រទេសកំពុងអភិវឌ្ឍន៍ ក្រោមនយោបាយឈ្នះឈ្នះ មិនបានមើលឃើញថា «ត្រកូលហ៊ុន» បានធ្វើអ្វីដែលផ្ទុយពីឆន្ទៈរបស់ខ្មែរឡើយ។ តាមពិតគឺ «ត្រកួលហ៊ុន» នោះទេ ដែលធ្វើឱ្យប្រទេស និងប្រជាពលរដ្ឋខ្មែររស់នៅដោយសុខស្រួល គ្មានការភ័យខ្លាចនឹងសង្គ្រាមមកពីមជ្ឈដ្ឋានខាងក្រៅឡើយតាមរយៈនយោបាយឈ្នះឈ្នះធ្វើឱ្យស្រុកទេសមានសន្តិភាព អស់សង្គ្រាមទាំងស្រុង និងការឯកភាពទឹកដីពេញលេញមិនធ្លាប់មានក្នុងប្រវត្តិ សាស្ត្រ៥០០ឆ្នាំកន្លងមកនេះ។ ហើយមានតែក្រុមជ្រុលនិយម ដឹកនាំដោយទណ្ឌិត សម រង្ស៊ី និងបក្ខពួកមួយក្តាប់តូចតែប៉ុណ្ណោះ ដែលមានភាពច្រណែននិន្ទានឹងការដឹកនាំរបស់ក្រុមគ្រូសារត្រកូលហ៊ុន និងបាននិយាយចោទប្រកាន់ទាំងទទឹងទិសគ្មានការពិត។
សម រង្ស៊ី បានសរសេរលើបណ្តាញសង្គមរបស់ខ្លួនថា «ដើម្បីបោសសំអាតឧក្រិដ្ឋកម្មនៅកម្ពុជា គេត្រូវបោសសំអាតគ្រួសារ ហ៊ុន សែន មុនគេ»។ សម្តីចោទប្រកាន់គ្មានការពិតនេះ គឺដោយសារតែក្រុមគ្រួសារត្រកូលហ៊ុន ត្រូវពលរដ្ឋចាត់ទុកថា គឺជាចន្ទល់នៃសន្តិភាព និងចន្ទល់នៃការនាំប្រទេសរីកចម្រើនពិតប្រាកដ និងវត្តមានរបស់ក្រុមគ្រួសារ «ត្រកូលហ៊ុន» ក៏តែងបន្លាចក្រុមជ្រុលនិយម និងរារាំងគ្រប់ឧបាយកលរបស់ក្រុមទុច្ចរិតនេះថែមទៀត។
ពលរដ្ឋខ្មែរជាសាក្សីរស់បានមើលឃើញច្បាស់ផ្ទាល់នឹងភ្នែកនូវចន្ទល់សន្តិភាព និងចន្ទល់នៃការរីកចម្រើន ដែលគេមើលឃើញថា មិនអាចគ្មានក្រុមគ្រួសារ «ត្រកូលហ៊ុន» បានឡើយដើម្បីឱ្យកម្ពុជាមានសេចក្តីសុខ និងការសម្រេចចក្ខុវិស័យឆ្នាំ២០៥០ និងអ្វីទាំងនេះហើយបានជាការបោះឆ្នោតសកលឆ្នាំ២០២៣រួចមកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលឈរឈ្មោះជានាយករដ្ឋមន្ត្រី ត្រូវបានប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ ភ្លូកទឹក ភ្លូកដី និងក៏មិនខុសគ្នាពីពលរដ្ឋអាមេរិក ដែលបោះឆ្នោតគាំទ្រលោក ដូណាល់ ត្រាំ ដែលគាំទ្រសន្តិភាព និងប្រឆាំងសង្គ្រាមកាលពីថ្ងៃទី៥ ខែវិច្ឆិការួចមកនេះឡើយ។
លោក ដូណាល់ ត្រាំ ក្រោយការជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកភ្លាម ត្រូវបានបណ្តាមេដឹកនាំនានាលើសកលលោកអបអរសាទរ ជាពិសេសអ្វីដែលលោកបានសន្យាថានឹងបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន និងសង្គ្រាមរវាងអ៊ីស្រាអែល ប៉ាឡេស្ទីន ដោយសារតែសង្គ្រាមធំទាំង២ក្នុងទ្វីបអឺរ៉ុប និងក្នុងតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យប្រទេសជាច្រើនរងការប៉ះទង្គិចនឹងវិបត្តិសេដ្ឋកិច្ច និងសង្គ្រាមធំទាំងនេះ បើសិនជាបន្ត នឹងធ្វើឱ្យមានការបារម្ភនូវការផ្ទុះរាលដាលជាសង្គ្រាមពិភពលោកនុយក្លេអ៊ែរថែមទៀត។
លោក ដូណាល់ ត្រាំ បាននិយាយថា ៤ឆ្នាំនៃការកាន់អំណាចរបស់លោករវាងពីឆ្នាំ២០១៦ និងឆ្នាំ២០២០ មិនមានសង្គ្រាមបានកើតឡើងឡើយ និងលោកបាននិយាយប្រៀបធៀបថា រយៈពេល៤ឆ្នាំរួចមកនេះទៀត រវាងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤នោះ បើលោកបានកាន់អំណាចក្នុងឋានៈជាមេដឹកនាំពិភពលោក ក៏នឹងមិនមានសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន និងក៏គ្មានយុទ្ធជនឥស្លាមហាម៉ាស់ ហ៊ានចូលវាយប្រហារលើទឹកដីអ៊ីស្រាអែលដែរ។ លោកដូណាល់ត្រាំ នៅក្នុងការឃោសនាបោះឆ្នោត បានគាំទ្រ ការបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ និងការបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយលោក បាននិយាយសន្យាថា ក្នុងរយៈពេល២៤ម៉ោងក្នុងអំណាចជាប្រធានាធិបតីអាមេរិក លោក នឹងធ្វើឱ្យសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន ចប់សព្វគ្រប់ជាមិនខានឡើយ។
មេដឹកនាំតាម ប្រទេសនានា លើពិភពលោកចាប់តាំងពីទ្វីបអាហ្វ្រិក អាស៊ី អឺរ៉ុប អូសេអានី អាមេរិកឡាទីន ក្នុងនោះ ក៏រួមមានទាំងមេដឹកនាំនៃប្រទេសកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាផងដែរ ដែលបានធ្វើសារលិខិតអបអរសាទរចំពោះរូបលោក ដូ ណាល់ត្រាំ ក្នុងការវិលត្រឡប់មកកាន់អំណាចសាជាថ្មីក្នុងអណ្ណត្តិទី២ និងសារលិខិតបានផ្តោតសំខាន់លើចំណុចការរក្សាស្ថិរភាព និងសន្តិភាពរបស់ពិភពលោក។
សម្តេច តេជោ ហ៊ុន សែន ក្នុងលិខិតថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានថ្លែងបញ្ជាក់នូវទំនុកចិត្តយ៉ាង មុតមាំថាលោក ដូណាល់ ត្រាំ «នឹងមិនត្រឹមតែដឹកនាំសហរដ្ឋអាមេរិកឆ្ពោះទៅរកអនាគតមួយកាន់តែរុងរឿងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបន្ថែមទៀតដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោកទាំងមូលផងដែរ»។
សម្តេចតេជោ ហ៊ុន សែន ក្នុងសារមួយបង្ហោះតាមបណ្តាញសង្គមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសរសេរកត់សម្គាល់ថា «មុនការបោះឆ្នោតលោក ដូណាល់ ត្រាំ បានផ្ញើសារជូនពលរដ្ឋអាមេរិក និងជុំវិញពិភពលោក អំពីការស្រឡាញ់សន្តិភាព ស្អប់ខ្ពើមសង្រ្គាមដែលហៅថា «សន្តិភាពនិយម» ទើបសន្លឹកឆ្នោតរបស់លោក ត្រាំ ទទួលបានជោគជ័យ ដូច្នេះការឈ្នះរបស់លោក ត្រាំ បង្ហាញពីពលរដ្ឋអាមេរិកស្រឡាញ់សន្តិភាព ជាជាងការធ្វើសង្រ្គាមទាំងស្រុងអ៊ុយក្រែន និងអ៊ីស្រាអែល»។
ចំណែកលិខិតរបស់សម្តេចបវរធិបតី បានសរសេរគូសបញ្ជាក់ក្នុងទំនុកចិត្តថា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់លោក ដូណាល់ ត្រាំ «តួនាទីដ៏សំខាន់របស់សហរដ្ឋអាមេរិកក្នុងការជំរុញស្ថិរភាព សន្តិសុខ និងវិបុលភាព នឹងកាន់តែពង្រឹងថែមទៀត»។
តាមពិតការវិលត្រឡប់ឡើងកាន់អំណាចរបស់លោក ដូណាល់ ត្រាំ ក្នុងឆ្នាំ២០២៤នេះ បានស្ថិតក្នុងពេលវេលាដ៏សំខាន់មួយ ដែលមិនត្រឹមតែចំពោះប្រជាជនអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិភពលោកទាំងមូលផងដែរ ដែលជឿជាក់ថាសង្គ្រាមនឹងត្រូវបានបញ្ចប់ សន្តិភាពនឹងត្រូវបានថែរក្សា និងពិភពលោកនឹងឈានរកប្រក្រតីភាពសាឡើងវិញ។ ប៉ុន្តែនៅកម្ពុជានេះវិញ មានតែមេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី នេះតែប៉ុណ្ណោះ ដែលមានទិសដៅដើរបញ្ច្រាសនឹងពិភពលោកទៅវិញ។
នយោបាយញុះញង់របស់មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី បានធ្វើឱ្យខ្មែរឈ្លោះខ្មែរ, ប្រើប្រាស់ព័ត៌មានប្រឌិតកុហក ដើម្បីបន្លាចអ្នកទេសចរណ៍ និងវិនិយោគិន ក្នុងបំណងចង់រារាំងមិនឱ្យពួកគេធ្វើទស្សនកិច្ច ឬរកស៊ីអាជីវកម្មនៅក្នុងប្រទេសកម្ពុជា និងថ្មីៗនេះ បានប្រកាសការចង់បង្កើតចលនាតស៊ូ និងការបង្កើតរដ្ឋាភិបាលនិរទេស ដែលច្បាស់ណាស់ គឺថាបំណងទាំងនេះ គ្មានអ្វីក្រៅតែពីការចង់ឱ្យប្រទេសកម្ពុជា មានអំពើចលាចលឈានទៅរកសង្គ្រាមស៊ីវិលនោះឡើយ។
ដើម្បីឈានសម្រេចនូវមហិច្ឆតាបំបែកបំបាក់តាមអ្វីដែលពួកគេបានចាត់ទុកថារបត់នៃចលនាបដិវត្តពណ៌ដូចធ្លាប់កើតឡើងនៅក្នុងប្រទេសបង់ក្លាដេស្ហនោះ ក្រុមជ្រុលនិយម បានដាក់ទិសឱ្យសកម្មជនក្រោមបង្គាប់ធ្វើការឆ្កឹះកកាយរករឿង ឬប្រឌិតព័ត៌មានណា ដែលជារឿងអាចនាំឱ្យពលរដ្ឋខឹង ក្រែងអាចនាំជាកំសួលផ្ទុះជាការតវ៉ា សូម្បីតែរឿងធ្វើបុណ្យទានដូចជារឿងធ្វើកឋិននៅវត្តកម្ពុជាក្រោម ក៏ក្រុមជ្រុលនិយមអាចយករកបុណ្យទានដ៏សុទ្ធចិត្តនេះ មកចោទប្រកាន់ជារឿងនយោបាយ និងរឿងរ៉ាវបង្កើតការសង្ស័យអុជអាលជាច្រើនទៀត ដូចការចាប់ខ្លួនឧកញ៉ា លី សាម៉េត រឿងទាំងឡាយណា ដែលពាក់ព័ន្ធនឹងវៀតណាម, ដូចជារឿង CLV-DTA, ការចោទបាត់បង់ទឹកដីឱ្យបរទេស ដោយឆ្កឹះឆ្កៀលដំបៅសាវតា ចាស់ដុតបញ្ឆេះកំហឹង, ព័ត៌មានមួលបង្កាច់ចោទថា ក្រុមគ្រួសារត្រកូល «ហ៊ុន» បំពានអំណាច, ការបង្កើតរឿងនូវអ្វីដែលគេហៅថាស្តង់ដារពីរ, ការចោទថា មានភាពលំអៀងលើឧកញ៉ា ដែលស្និទ្ធនឹងក្រុម គ្រួសារត្រកូលហ៊ុន និងមានរឿងប្រឌិតនានាជាច្រើនទៀត ដែលគ្មានអ្វីក្រៅពីការចង់បំផ្លាញសន្តិភាពដែលកម្ពុជារកបានយ៉ាងលំបាកតាមនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែននោះឡើយ។
កម្ពុជាក្រោយការរៀបចំបោះឆ្នោតសកលលើកដំបូងខែឧសភា ឆ្នាំ១៩៩៣ ក្រោមការរៀបចំ និងត្រួតពិនិត្យដោយអង្គការសហប្រជាជាតិនោះមក រាជរដ្ឋាភិបាលស្របច្បាប់មួយស្របតាមទម្រង់លទ្ធិប្រជាធិបតេយ្យត្រូវបានបង្កើតឡើងច្បាប់រដ្ឋធម្មនុញ្ញថ្មីរបស់ជាតិ ត្រូវបានតាក់តែងដោយមានការទទួលស្គាល់និងការគោរពអធិបតេយ្យភាពកម្ពុជាពីបណ្តាប្រទេសលើពិភពលោក ប៉ុន្តែ សម រង្ស៊ី បែរជាមានគំនិតចង់ឱ្យមានក្រុមក្បត់បង្កើតជារដ្ឋាភិបាលនិរទេសមួយខុសច្បាប់ទៅវិញ។
រដ្ឋធម្មនុញ្ញរបស់ជាតិ ក្នុងជំពូកចែងអំពីរាជរដ្ឋាភិបាល បានបញ្ជាក់នូវអត្ថន័យអ្វីជាគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជា និងគណៈរដ្ឋមន្ត្រីត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីមួយរូប អមដោយឧបនាយករដ្ឋមន្ត្រី ព្រមទាំងទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ជាសមាជិក។ មាត្រារដ្ឋធម្មនុញ្ញ បានបញ្ជាក់នូវឥស្សរជនដែលនឹងក្លាយជានាយករដ្ឋមន្ត្រី «តាមរយៈសេចក្តីស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំង២នៃរដ្ឋសភា, ព្រះមហាក្សត្រ ទ្រង់ចាត់តាំងវរជនមួយរួបក្នុងចំណោមតំណាងរាស្ត្រនៃគណបក្សដែលឈ្នះឆ្នោត ឱ្យបង្កើតរាជរដ្ឋាភិបាល។
មាត្រា១១៩ថ្មី បានសរសេរថា វរជនដែលត្រូវបានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្ត្រឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភា ដែលផ្គូរផ្គងឱ្យកាន់តំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាល ទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា…និងកាលបើរដ្ឋសភា បានបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្ត្រីទាំងមូល»។ បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា មានរដ្ឋាភិបាលស្របច្បាប់របស់ខ្លួនហើយ ចំណែកការចង់បង្កើតរដ្ឋាភិបាលនិរទេស និងការបង្កើតចលនាតស៊ូណាមួយ គឺជាអំពើខុសច្បាប់ និងអំពើដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ។
អ្នកលង់ខ្លួនក្រោមនយោបាយជ្រុលនិយម! ត្រូវប្រញាប់ដកខ្លួនចេញពីទណ្ឌិត សម រង្ស៊ី ពីព្រោះពិភពលោក កំពុងបង្ហាញនិន្នាការគាំទ្រការបញ្ចប់សង្គ្រាម និងគាំទ្រសន្តិភាព។ ការចង់ដុតបញ្ឆេះប្រទេសកម្ពុជាខ្លួនឯង ឱ្យក្លាយជាប្រទេសមានសង្គ្រាម គឺមិនមែនជាចរន្ត ដែលពិភពលោកត្រូវការឡើយផ្ទុយទៅវិញ គឺមានតែការថ្កោលទោសតែប៉ុណ្ណោះ។ ដូច្នេះ ការចង់បង្កើត ចលនាតស៊ូ និងការបង្កើតរដ្ឋាភិបាលនិរទេស ដោយមេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី គឺពិតណាស់ជាអំពើខុសច្បាប់ ដែលរាជរដ្ឋាភិបាលកម្ពុជាដ៏ស្របច្បាប់ក្នុងប្រទេសគ្មានជំរើសអ្វី ក្រៅតែពីការអនុវត្តច្បាប់ឡើយ ប្រសិនណាបើរឿងនេះនឹងកើតឡើងមែននោះ។
អ្នកលង់ខ្លួនក្រោមនយោបាយជ្រុលនិយមទាំងឡាយ! ត្រូវយល់ថា គ្មានប្រទេសណា គ្មានសហគមន៍បរទេសណា ដែលគាំទ្រឱ្យមានការបង្កើតចលនាតស៊ូលើទឹកដីរបស់គេ ដើម្បីធ្វើការប្រឆាំងនឹងប្រទេសមួយ ដែលជាសមាជិកស្របច្បាប់របស់អង្គការសហប្រជាជាតិនោះទេ។ វាជាអំពើខុសច្បាប់ទាំងស្រុង និងការលង់ខ្លួនក្រោមនយោបាយជ្រុលនិយមចង់បំផ្លាញប្រទេសខ្មែរខ្លួនឯងនោះ នឹងមិនអាចចៀសផុតរួចពីសំណាញ់ច្បាប់បានឡើយ។
ការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាណ្ណត្តិទី២ គឺជាឧទាហរណ៍បង្ហាញថា ពិភពលោកទាំងមូល កំពុងប្រែប្រួលទាំងស្រុងហើយ។ ៤ឆ្នាំរួចមកហើយរវាងពីឆ្នាំ២០១៦ដល់ ២០២០ ភាពអែបអប សម រង្ស៊ី ដែលព្យាយាមចង់ឱ្យគេឃើញថាគាត់ជាមនុស្ស របស់អាមេរិកាំងនោះ ត្រូវបានគេទាត់ចោលទៅក្បែរជញ្ជាំងម្តងរួចទៅហើយ។ ដូច្នេះ ការទាត់ចោល៤ឆ្នាំទៅមុខទៀត រវាងពីឆ្នាំ២០២៤ដល់២០២៨ ក៏មិនមែនជារឿងថ្មីដែរ។ ការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ តាមពិតគឺជាការសម្លាប់នយោបាយក្រុមជ្រុលនិយម សម រង្ស៊ី ទាំងស្រុងហើយ។
ដូច្នេះ គេមិនត្រូងលង់ជឿសម្តីរបស់ សម រង្ស៊ី នោះទៀតឡើយ។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ធ្លាប់បានប្រកាសហើយថា សម្តេចនឹងទទួលបងប្អូនទាំងឡាយណាទាំងអស់ ដែលចាកចេញពីជួរក្រុមជ្រុលនិយមមករួមរស់ក្រោមដំបូលរាជរដ្ឋាភិបាលបច្ចុប្បន្ន លើកលែងតែទណ្ឌិត សម រង្ស៊ី តែម្នាក់ប៉ុណ្ណោះ៕