(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ លោកឧបនាយរដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីកម្ពុជាហេីយ ដេីម្បីទៅចូលរួមវេទិកា «សៀងសានលើកទី៧» នៅទីក្រុងប៉េកាំង ប្រទេសចិន រយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា។
វេទិកានេះ មានគោលដៅពិភាក្សាពីការអភិវឌ្ឍផ្នែកសន្តិសុខ បញ្ហាក្តៅមួយចំនួន ពង្រឹងការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ និងចូលរួម ចំណែកលើសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។
វេទិកា «សៀងសានលើកទី៧» ជាវេទិកាប្រចាំឆ្នាំសម្រាប់កិច្ចសន្ទនាខ្ពស់ ស្តីពីបញ្ហាសន្តិសុខ និងការពារជាតិនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំការពារជាតិ និងមេដឹកនាំយោធាអ្នកតំណាង អង្គការអន្តរជាតិ អតីតមន្រ្តីរាជរដ្ឋាភិបាល និងមន្រ្តីយោធាអ្នកជំនួញ និងសាស្រ្តាចារ្យមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់ពាក់ព័ន្ធផ្សេងៗទៀត៕