(សិង្ហបុរី)៖ កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ានស្តីពីសុខុមាលភាពនិងការអភិវឌ្ឍសង្គម និងសន្និសីទគ្រួសារអាស៊ីលើកទី៤ ឆ្នាំ២០២៤ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «គ្រួសារអាស៊ីដែលមានភាពរឹងមាំ និងភាពធន់៖ បញ្ហាប្រឈម និងកាលានុវត្តភាព» ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាធារណរដ្ឋសិង្ហបុរី ដោយមានការចូលរួមពីលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
សម្រាប់កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ានស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម លោករដ្ឋមន្ត្រី ជា សុមេធី បានអញ្ជើញថ្លែងសុន្ទរកថា ដោយបានលើកឡើងពីការដឹកនាំប្រទេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តការយកចិត្តទុកដាក់លើការពង្រឹងប្រព័ន្ធគាំពារសង្គម និងបានរំលេចអំពីកម្មវិធីជាតិជំនួយសង្គម ដែលកម្ពុជាបាននិងកំពុងអនុវត្តចាប់តាំងពីឆ្នាំ២០១៩ ដើម្បីជួយគាំទ្រដល់ក្រុមគ្រួសាររងគ្រោះ និងងាយរងគ្រោះដែលមានបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ តាមរយៈកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងក្រោមក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ដែលការដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គមទាំងនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញនូវគុណតម្លៃនៃការលើកកម្ពស់ឧត្តមប្រយោជន៍របស់គ្រួសារ ការលើកស្ទួយកម្រិតជីវភាពរស់នៅ និងការធានាសុខុមាលភាពរបស់ប្រជាជនគ្រប់រូប។
សម្រាប់សន្និសីទគ្រួសារអាស៊ីលើកទី៤ ឆ្នាំ២០២៤ លោករដ្ឋមន្ត្រី ជា សុមេធី បានដឹកនាំប្រតិភូចូលរួមក្នុងសន្និសីទនេះ ដែលជាវេទិកាថ្នាក់តំបន់ ដើម្បីពង្រឹងការអនុវត្តការស្រាវជ្រាវ គោលនយោបាយទាក់ទងនឹងការពង្រឹងគ្រួសារអាស៊ី តាមរយៈការស្វែងរកវិធានគន្លឹះ និងការស្រាវជ្រាវពីគ្រួសារដែលមានភាពធន់ វិធីសាស្ត្រផ្តោតលើគុណតម្លៃគ្រួសារចំពោះបញ្ហាសង្គម និងការបង្កើតបណ្តាញសម្រាប់អ្នកអនុវត្តទាំងអស់ក្នុងតំបន់អាស៊ីទាំងមូល។
ក្រៅពីការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ានស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម និងសន្និសីទគ្រួសារអាស៊ីលើកទី៤ ឆ្នាំ២០២៤នេះ លោករដ្ឋមន្ត្រីក៏មានជំនួបទ្វេភាគីជាមួយលោក Masagos Zulkifli រដ្ឋមន្ត្រីអភិវឌ្ឍន៍សង្គមនិងគ្រួសារ នៃសាធារណរដ្ឋសិង្ហបុរី ដើម្បីពិភាក្សាលើគំនិតផ្តួចផ្តើមស្តីពីកិច្ចសហការប្រតិបត្តិការលើការពង្រឹងកិច្ចការគ្រួសាររវាងក្រសួងទាំងពីរ។ ក្នុងជំនួបដាច់ដោយឡែកជាមួយព្រះអង្គម្ចាស់ Michael Gorge នៃរាជវង្សអង់គ្លេស និងលោកបណ្ឌិត Robert Glover ស្ថាបនិកនិងជានាយកប្រតិបត្តិអង្គការ Care for Children លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះព្រះអង្គម្ចាស់ និងលោកនាយកប្រតិបត្តិអង្គការ ដែលបានសហការក្នុងការបំពេញបេសកកម្មរបស់ខ្លួន តាមរយៈការអនុវត្តគម្រោងថែទាំកុមារនៅកម្ពុជា ក្នុងរយៈពេលជិត៣ឆ្នាំកន្លងមកនេះ៕