(ភ្នំពេញ)៖ គិតត្រឹមខែតុលា ឆ្នាំ២០២៤នេះ កម្លាំងនគរបាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបសកម្មភាពក្មេងទំនើងប្រមាណ៩៣ករណី និងបានឃាត់ខ្លួនជនល្មើសចំនួន ៤១១នាក់។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ដូច្នេះថា ក្នុង៩៣ករណីនោះ សមត្ថកិច្ចនគរបាលបានធ្វើការបែងចែកជា ៤បទល្មើសផ្សេងទៀត ដូចជា៖
(១) ជនល្មើសប្រើប្រាស់រូបភាពជាក្មេងទំនើង ដោយធ្វើសកម្មភាពកាប់ ធាក់ ប្លន់ មានចំនួន ៣ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់
(២) ការធ្វើសកម្មភាពកាប់ដោយហិង្សា មានស្ថានទម្ងន់ទោស មានចំនួន ៦៣ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៣០២នាក់
(៣) ការធ្វើសកម្មភាពកាប់បណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិ មានចំនួន ១៣ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៥២នាក់ និង
(៤) ការកាន់កាប់អាវុធដោយខុសច្បាប់ (ក្នុងន័យនេះ អាវុធ គឺជាវត្ថុ ឬរបស់ទាំងឡាយណាដែលជនល្មើស ប្រើប្រាស់ដើម្បីធ្វើសកម្មភាពទុច្ចរិត) មានចំនួន ១៤ករណីឃាត់ខ្លួនជនសង្ស័យចំនួន ៤៨នាក់។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានបញ្ជាក់ផងដែរថា ក្រុមក្មេងដែលងាយនឹងធ្លាក់ខ្លួនជាក្រុមក្មេងទំនើង មានបីប្រភេទ ដូចជា អ្នកដែលចំណាកស្រុកមកធ្វើជាកម្មករ, អ្នកដឹកជញ្ជូនអាហារ ហើយជាពិសេសនោះគឺ ក្មេងៗដែលជាសិស្សសាលា។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក បានណែនាំឱ្យឪពុកម្ដាយ អាណាព្យាបាល សាលារៀន និងកម្លាំងសមត្ថកិច្ច ធ្វើការសហការគ្នាក្នុងទិសដៅ អប់រំ ណែនាំ និងផ្សព្វផ្សាយ ឱ្យបានកាន់តែច្រើនដល់ក្មេងៗ យុវជន ដែលជាទំពាំងស្នងឫស្សីក្នុងសង្គមជាតិ ដើម្បីបញ្ចៀសពីការប្រព្រឹត្តិអំពើទុច្ចរិតនានា និងងាយធ្លាក់ខ្លួនជាក្រុមក្មេងទំនើង៕
សូមទស្សនាកិច្ចសម្ភាសទាំងស្រុងរវាង កញ្ញា រួម ឆាដា និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដូចតទៅ៖