(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវបទបញ្ជាជាថ្មី ដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវតែពង្រឹងសមត្ថភាពបន្ថែមលើការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីលើកមុខមាត់កិត្តិយសកម្ពុជា កុំឲ្យមជ្ឈដ្ឋានខាងក្រៅធ្វើការលាបពណ៌ខុសការពិត។
ការដាក់បទបញ្ជានេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រកាសសមាសភាព និងដាក់ចេញវិធានការកិច្ចប្រតិបត្តិការរបស់គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៉ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។
នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ កម្ពុជាបានរងនូវការលាបពណ៌ពីមជ្ឈដ្ឋាននានា ធ្វើឲ្យជះឥទ្ធិពលមិនល្អដល់វិស័យផ្សេងៗ ពិសេសការវិនិយោគ និងទេសចរណ៍។
ក្នុងន័យនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៉ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ត្រូវយកចិត្តទុកដាក់ និងពង្រឹងសមត្ថភាពក្នុងការស្រាវជ្រាវបង្ក្រាបបទល្មើស ដោយការទទួលខុសត្រូវ និងយកចិត្តទុកដាក់ជាទីបំផុត។
នាយឧត្តមសេនីយ៍ ស ថេត បានអះអាងទៀតថា ការងារសន្ដិសុខ សណ្ដាប់ធ្នាប់ គឺជាកត្តាសំខាន់បំផុត ព្រោះបើប្រទេសមួយរងនូវការផ្សព្វផ្សាយមិនល្អហើយនោះ ច្បាស់ណាស់នឹងជះឥទ្ធិពលដល់វិស័យផ្សេងៗទាំងអស់ ពិសេសអ្នកវិនិយោគ និងទេសចរណ៍ជាដើម។
នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា ក្នុងករណីទទួលបានពាក្យបណ្ដឹង ឬប្រភពព័ត៌មានណាមួយសង្ស័យពាក់ព័ន្ធបទល្មើស ត្រូវតែបើការស្រាវជ្រាវបន្ទាន់ភ្លាមៗ ពិសេសបទល្មើសធ្វើទារុណកម្ម ឬការចាប់បង្ខាំងផ្សេងៗ។ លោកបន្ដថា បទល្មើសនេះជាចំណុចរសើប ដូច្នេះត្រូវតែបង្ក្រាបឲ្យបានទាន់ពេលវេលា។
អគ្គស្នងការនគរបាលជាតិរូបនេះ ក៏បានថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលផ្ដល់កិច្ចសហការល្អកន្លងមក ដើម្បីរួមគ្នាឈានទៅការបង្ក្រាបបទល្មើសទាំងអស់នោះបានជោគជ័យ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត បានឲ្យដឹងថា ការប្រកាសសមាសភាព និងដាក់ចេញវិធានការកិច្ចប្រតិបត្តិការរបស់គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៉ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ធ្វើឡើងក្នុងគោលបំណង រួមមាន៖
*ទី១៖ ប្រកាសអំពីឆន្ទៈដ៏មុះមុតរបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្រោយទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់បំផុតលើការងារសន្ដិសុខ
*ទី២៖ ការប្រមូលផ្ដុំកម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុបដើម្បីរួមគ្នាជម្នះទៅលើការបោសសម្អាតបទល្មើសគ្រប់ប្រភេទ ធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ អ្នកវិនិយោគ និងជនបរទេសទាំងអស់ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា
*ទី៣៖ ស្ដារកិត្តិយស និងកិត្យានុភាពរបស់កម្ពុជាឡើងវិញ ដោយសារការចុះផ្សាយបំផុសបំផុល និងបំពុលព័ត៌មានបង្ខូចកេរ្ដិ៍ឈ្មោះកម្ពុជា៕