(មណ្ឌលគិរី)៖ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ហៃ វណ្ណា អតីតប្រធានចលនាយុវជនអតីតគណបក្សសង្គ្រោះជាតិប្រចាំប្រទេសជប៉ុន បានធ្វើដំណើរចុះមើលព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ដំណើរចុះមើលដោយផ្ទាល់នូវស្ថានភាពតំបន់ព្រំដែនរវាងកម្ពុជា-វៀតណាម លោក ហៃ វណ្ណា និងប្អូនប្រុសរបស់លោក គឺលោក ហៃ វណ្ណនិត បានចាប់ផ្តើមពីចំណុចបង្គោលព្រំដែនលេខ៦៥ ស្ថិតនៅជាប់ច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ ហើយបន្តធ្វើដំណើរនៅលើផ្លូវក្រវាត់ព្រំដែនឆ្ពោះទៅខាងស្រុកអូររាំង។
លោក ហៃ វណ្ណា ធ្លាប់បានរិះគន់រាជរដ្ឋាភិបាលពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម ហើយក៏ធ្លាប់បំផុសយុវជនធ្វើការតវ៉ាប្រឆាំង ផ្តួលរំលំរាជរដ្ឋាភិបាល ក្រោយហេតុផលថាកិច្ចសហប្រតិបត្តិការនេះនាំឱ្យបាត់បង់បូរណភាពទឹកដី និងអធិបតេយ្យជាតិជាដើម។
ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក ហៃ វណ្ណា បានឱ្យដឹងថា លោកមិនដែលបានមកដល់ខេត្តមណ្ឌលគិរី ហើយក៏មិនធ្លាប់បានធ្វើដំណើរមើលតាមព្រំដែននោះដែរ។ លោកមិនធ្លាប់បានដឹងពីកិច្ចការបោះបង្គោលព្រំដែន និងការរៀបចំព្រំដែនរបស់រាជរដ្ឋាភិបាលនោះឡើយ។
ក្រោយបានមើលទិដ្ឋភាពជាក់ស្តែងតាមព្រំដែន និងស្តាប់ការពន្យល់ខ្លះៗពីអាជ្ញាធរ និងនគរបាលការពារព្រំដែនពាក់ព័ន្ធការងារបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ការសាងសង់ផ្លូវក្រវាត់ព្រំដែន ការរៀបចំពលរដ្ឋរស់នៅ និងធ្វើចម្ការតាមព្រំដែ ធ្វើឱ្យលោក ហៃ វណ្ណា បានជ្រាបច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។
តាមរយៈការរៀបចំបង្គោលព្រំដែនមានបង្គោលមេ បង្គោលបំពេញបន្ថែម បង្គោលតម្រុយ ផ្លូវក្រវាត់ព្រំដែន កម្លាំងនគរបាលការពារព្រំដែន បូករួមការរស់នៅ និងធ្វើចម្ការរបស់ប្រជាពលរដ្ឋ លោក ហៃ វណ្ណា បានបង្ហាញជំនឿចិត្តថា ទឹកដីកម្ពុជាត្រូវបានការពារយ៉ាងរឹងមាំ មិនអាចជាតិសាសន៍ដទៃរំលោភបំពានបាននោះទេ។
ទន្ទឹមនឹងបានមើលឃើញជាក់ស្តែងពីភាពការពារយ៉ាងរឹងមាំនៃបូរណភាពទឹកដី លោក ហៃ វណ្ណា បានអំពាវនាវដល់យុវជនដែលឈឺឆ្អាលរឿងទឹកដី ត្រូវសិក្សាឈ្វេងយល់លើបញ្ហាទឹកដី ឬកិច្ចការព្រំដែនមុននឹងសម្តែងមតិ។ ជាពិសេសមិនត្រូវយកបញ្ហាទឹកដីបង្កើតជាបញ្ហា «ដុតឱ្យខ្លោច រោចឱ្យឆៅ» បង្កើតភាពវឹកវរនៅក្នុងសង្គមជាតិនោះឡើយ៕