(ភ្នំពេញ)៖ មន្ទីរពេទ្យកុមារជាតិ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានទទួលអំណោយជាទូរសម្រាប់ចិញ្ចឹមទារកទើបនឹងកើតមិនគ្រប់ខែ និងមិនគ្រប់គីឡូ ចំនួន ៥គ្រឿង និងម៉ាស៊ីនព្យាបាលកុមារកើតលឿងចំនួន ៥គ្រឿង គិតជាថវិកាសរុបប្រមាណជាង ១០ម៉ឺនដុល្លារអាមេរិក ពីមន្ទីរពេទ្យដេហ្គូហ្វាទីម៉ានៃសាធារណរដ្ឋកូរ៉េ។
លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ បានថ្លែងថា ក្នុង១ថ្ងៃមន្ទីរពេទ្យកុមារជាតិ ទទួលការព្យាបាលបន្ត និងសង្គ្រោះទារកកើតមកមិនគ្រប់ខែ ឬទារកកើតមកមានបញ្ហាផ្សេងៗដែលមន្ទីរពេទ្យរដ្ឋ និងឯកជនមួយចំនួន បានបញ្ជួនមកប្រមាណ៨០នាក់។
លោកសាស្ត្រាចារ្យបានបន្តទៀតថា ការផ្តល់ម៉ាស៊ីនទាំងនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់មន្ទីរពេទ្យកុមារជាតិ ក្នុងការជួយបង្កើនគុណភាពព្យាបាលជំងឺនិងថែរក្សាសុខភាពដល់កុមារ ក៏ដូចជាជួយកាត់បន្ថយអត្រាស្លាប់របស់ទារក ពិសេសទារកកើតមកមិនគ្រប់ខែនិងគីឡូ អាចជួយឱ្យទារកទាំងនោះមានសុខភាពល្អវិវត្តន៍ដូចទារកធម្មតាដែរ។
លោកសាស្ត្រាចារ្យបានគូសបញ្ជាក់ថា កត្តាដែលនាំឱ្យទារកកើតមកមិនគ្រប់ខែ ភាគច្រើនបណ្តាលមកពីសុខភាពរបស់មាតា ដែលទទួលសម្ពាធការងារប៉ះពាល់ដល់សុខភាពផ្លូវកាយ ផ្លូវចិត្ត ឬគ្រោះថ្នាក់ផ្សេងៗនិងគួបផ្សំទៅនឹងបរិស្ថាន ចំណីអាហារ និងប៉ះទង្គិចនឹងអ្វីមួយ។
លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស បានថ្លែងអំណរគុដល់លោកស្រី ស៊ុនមីគីម (Sun mi Kim) នាយកមនី្ទរពេទ្យ ដេហ្គូ ហ្វាទីម៉ានៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូទាំងអស់ ដែលបានផ្តល់សម្ភារៈទាំងនេះដល់មន្ទីរពេទ្យកុមារជាតិ ដែលជាការចូលរួមចំណែកក្នុងការធ្វើឱ្យបានល្អប្រសើរនូវសេវាព្យាបាលរបស់មនី្ទរពេទ្យ ក៏ដូចជាការជួយលើកកម្ពស់ការថែទាំ និងព្យាបាលសុខុមាលភាពរបស់កុមារកម្ពុជា។
ជាមួយគ្នានេះ លោកស្រី ស៊ុន មីគីម ក៏បានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈជំនួយទាំងនេះ នឹងជួយឱ្យមន្ទីរពេទ្យកាន់តែមានសមត្ថភាពខ្ពស់បន្ថែមទៀត ក្នុងការជួយព្យាបាលនិងសង្គ្រោះទារកកើតមកមិនគ្រប់ខែ ឬទារកកើតមកមានបញ្ហាផ្សេងៗពីកំណើត។
សូមជម្រាបថា ក្នុងពិធីប្រគល់ និងទទួលសម្ភារៈខាងលើ មន្ទីរពេទ្យទាំងពីរនេះក៏បានចុះអនុស្សារណយោគយល់គ្នា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិលើផ្នែកវេជ្ជសាស្ត្រ និងបណ្តុះបណ្តាលធនធានមនុស្សផងដែរ៕