(គីហ្កាលី)៖ ការលើកកម្ពស់ការយល់ដឹងអំពីឫសគល់ និងកម្លាំងជំរុញឲ្យកើតមាននូវអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរនានា ដូចជាឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាដើម ការក្រើនរំឭកដល់តួអង្គពាក់ព័ន្ធអំពីហានិភ័យនៃឧក្រិដ្ឋកម្មប្រភេទនេះនៅទីតាំងណាមួយ និងការគាំទ្រ ក៏ដូចជាដាក់ចេញជាសកម្មភាពសមស្រប តាមរយៈបែបផែននៃអង្គការសហប្រជាជាតិ គឺជាឧបករណ៍ដ៏ចាំបាច់ប្រកបដោយប្រសិទ្ធភាព ឈានទៅសម្រេចបានការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក៏ដូចជាដើមចមនៃឧក្រិដ្ឋកម្មទាំងនេះថែមទៀតផង។
ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងបម្រើដល់បុព្វហេតុខាងលើ ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការសហប្រជាជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ ក្នុងគោលបំណងរឹតបន្តឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួនលើការទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរនៅទូទាំងពិភពលោក។ កិច្ចសហការនេះបង្ហាញអំពីការឆ្ពោះទៅមុខមួយកម្រិតទៀតនៃកិច្ចខិតខំប្រឹងប្រែងជាសកល ក្នុងការដោះស្រាយនិងរារាំងការញុះញុងបង្កប់នូវចេតនាស្អប់ខ្ពើម។ កិច្ចខិតខំប្រឹងប្រែងនេះ គឺពិតជាមានសារសំខាន់ក្នុងការបញ្ចៀសហានិភ័យ និងនៅចុងបញ្ចប់ទប់ស្កាត់វត្តមាននៃឧក្រិដ្ឋកម្មប្រភេទនេះ។
កិច្ចសហការនេះ សរបញ្ចាក់អំពីជំហានដ៏ចាំបាច់មួយនៃកិច្ចខិតខំប្រឹងប្រែងបន្តបន្ទាប់របស់យើង ក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អគ្គលេខាធិការងនៃការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការសហប្រជាជាតិ លោកស្រី អាលីស វ៉ៃរីមូ ឌឺរីទូ បានលើកឡើង។ តាមរយៈការច្របាច់បញ្ចូលគ្នាជាធ្លុងមួយរវាងវិសាលភាពនៅទូទាំងសកលលោករបស់អង្គការសហប្រជាជាតិ និងជំនាញជាន់ខ្ពស់ព្រមទាំងចំណេះដឹងក្នុងតំបន់របស់មជ្ឈមណ្ឌលឯកសារកម្ពុជា យើងអាចពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការកំណត់ និងឆ្លើយតបចំពោះសញ្ញាអាសន្ននៃអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរនានា បានឆាប់រហ័សបំផុត ក៏ដូចជារៀបចំនិងអនុវត្តសកម្មភាពទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។
កិច្ចព្រមព្រៀងនេះ បានគូសបញ្ជាក់អំពីសារសំខាន់ក្នុងការអភិរក្សនិងថែរក្សាកំណត់ត្រាប្រវត្តិសាស្ត្រស្តីពីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងនៅក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) ដោយប្រើប្រាស់ព្រឹត្តិការណ៍នេះ ជាមេរៀនក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់វត្តមាននៃឧក្រិដ្ឋកម្មប្រភេទនេះ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍និងតំបន់ដទៃទៀត។ ការយល់ដឹងអំពីអតីតកាល គឺពិតជាចាំបាច់ណាស់សម្រាប់ការទប់ស្កាល់អំពើឃោរឃៅនាថ្ងៃអនាគត លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើង មជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាស្ថាប័នមិនមែនរដ្ឋាភិបាល, មិនលម្អៀង និងឯករាជ្យមួយ ដែលមានទីស្នាក់ការនៅក្នុងប្រទេសកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ គាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការធានាថាពាក្យស្លោក លែងកើតមានទៀត គឺមិនមែនត្រឹមតែជាការនិយាយឲ្យពិរោះពិសារប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺជាកិច្ចប្តេជ្ញាចិត្តក្នុងការផ្លាស់ប្តូរនិងជួយសង្គ្រោះជីវិត របស់មនុស្សជាតិទាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅទូទាំងសកលលោក។
កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរចាប់ផ្តើមតាំងពីឆ្នាំ២០២០ ហើយនៅក្នុងរយៈពេលប្រមាណបួនឆ្នាំកន្លងមកនេះ ការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍និងមជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្កើតជាកម្មវិធីអប់រំពិស្តារស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ដែលមានគោលបំណងទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរនានា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កម្មវិធីសិក្សានេះ ត្រូវបានអនុវត្តសាកល្បងជាមួយនឹងគ្រូបង្រៀនមកពីប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសថៃ។
អនុស្សរណៈនៃកិច្ចសហការដែលត្រូវបានចុះហត្ថលេខាដោយមជ្ឈមណ្ឌលឯកសារកម្ពុជា និងការិយាល័យទីប្រឹក្សាពិសេសទប់ស្កាត់អំពើប្រល័យពូជសាសន៍នេះ នឹងរឹតបន្តឹងកិច្ចសហការគ្នា ឈានទៅសម្រេចបានការលើកកម្ពស់ការទប់ស្កាត់អំពើប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរនានានៅទូទាំងសកលលោក៕