(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង មាន៣បន្ទប់ និងសមិទ្ធផលជាច្រើនទៀតនៅសាលាបឋមសិក្សាកូនក្អែក ស្ថិតនៅភូមិកូនក្អែក ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ដែលឧបត្ថម្ភគាំទ្ររបស់អង្គការ GIVE CHILDREN A FUTURE asbl, LUXEMBOURG and OPERATION MONDE NOUVEAU asbl, BELGIUM នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក នួន ផារ័ត្ន បានលើកឡើងថា វិស័យអប់រំនៅកម្ពុជាបន្តអភិវឌ្ឍជាលំដាប់ និងប្រែក្លាយទៅជាប្រព័ន្ធអប់រំដែលមានគុណភាពខ្ពស់ ដែលអាចកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយមនសិកា វិជ្ជាជីវៈ និងសមត្ថភាពជំនាញពិតប្រាកដលើគ្រប់វិស័យ ជាប្រយោជន៍ដល់ការកសាងសង្គមជាតិមួយដែលមានសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម មានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ មានប្រជាជនប្រកបដោយចំណេះដឹងខ្ពស់ និងវប្បធម៌ជ្រៅជ្រះ មានជីវភាពសមរម្យ និងមានការរស់នៅប្រកបដោយសុខដុមរមនាទាំងក្នុងសង្គមជាតិ និងនៅក្នុងក្រុមគ្រួសារ ។

លោកបានលើកទឹកចិត្តដល់សិស្សានុសិស្សត្រូវយកចិត្តទុកដាក់ប្រឹងប្រែងក្រេបជញ្ជក់នូវចំណេះដឹងដែលផ្តល់ដោយលោកគ្រូ អ្នកគ្រូ និងចៀសឲ្យឆ្ងាយពីអំពើអបាយមុខនានា ដើម្បីកសាងខ្លួនឲ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម។

លោកបានបន្ថែមថា សមិទ្ធផលរូបវ័ន្តដែលនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ពិតណាស់នឹងក្លាយជាចំណែកមួយដ៏សំខាន់ក្នុងការជំរុញការកសាងធនធានមនុស្ស ប្រកបដោយសីលធម៌ និងគុណធម៌ ដើម្បីក្លាយជាដើមទុនដ៏ចាំបាច់ក្នុងការអភិវឌ្ឍមាតុភូមិកម្ពុជា។

លោកអភិបាលខេត្តបានស្នើមាតាបិតាជំរុញកូនឲ្យខិតខំប្រឹងប្រែងរៀងសូត្រ និងបញ្ជូនកូនរៀនឲ្យបានចប់ចុងចប់ដើមជាពិសេសកម្រិតថ្នាក់ទី១២។

ក្នុងនោះ លោក នួន ផារ័ត្ន បានថ្លែងអំណរគុណដល់សប្បុរសជនដែលបានជួយឧបត្ថម្ភគាំទ្រដល់សាលារៀន ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនទៀតនៅក្នុងខេត្ត ក៏ដូចជាការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕