(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណីលួចម៉ូតូ។ ចំណែកម៉ូតូសមត្ថកិច្ចបានស្រាវជ្រាវ និងត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ទើបដឹងថាជនសង្ស័យបានលួចម៉ូតូរបស់គេពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
គួរឱ្យដឹងថា កាលពីវេលាម៉ោង០០និង៣០នាទី ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានចុះល្បាត ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្រុង រហូតដល់ចំណុចម្តុំស្តុបផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ប្រទះឃើញជនសង្ស័យចំនួន០២នាក់ កំពុងជិះម៉ូតូមួយគ្រឿង រុញម៉ូតូ០១គ្រឿងទៀតពីក្រោយ ភ្លាមនោះកម្លាំងក៏បានចុះទៅសួរនាំ ធ្វេីឱ្យជនសង្ស័យម្នាក់ភ័យក៏ផ្ដួលម៉ូតូរត់គេចខ្លួនបាត់ ហើយឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ ឈ្មោះ ឡុង រ៉ូសា ហៅ សា ភេទប្រុស អាយុ២៣ឆ្នាំ និងដកហូតម៉ូតូចំនួន០២គ្រឿង រួមទាំងដែកកែច្នៃសម្រាប់ធ្វើសកម្មភាពកាច់សោកម៉ូតូចំនួន០១ដើម ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ និងបានធ្វើតេស្ដរកសារធាតុញៀនជាលទ្ធផលវិជ្ជាមាន (+)៕