(ភ្នំពេញ)៖ នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឃ្លាំង ហួត អភិបាលរងរាជធានី និងលោក អ៊ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីគណកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងមានការចូលរួមពីរដ្ឋបាលខេត្ត និងអង្គភាព ដែលមានទូក ព្រមទាំងសមាជិកអនុគណៈកម្មការ គ្រប់គ្រងទូក និងកន្លែងស្នាក់នៅរបស់កីឡាករ បានចុះពិនិត្យទីតាំងស្នាក់នៅ របស់កីឡាករ កីឡាការិនីប្រណាំងទូក នៅទីតាំងដែលរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំ។

ក្នុងឱកាសនោះក្រុមការងារក៏បាននាំតំណាងខេត្ត ដើម្បីពិនិត្យ និងកំណត់ទីតាំងចំណតទូក តាមច្រាំងទន្លេសាប និងផ្លូវ ដើម្បីក្រុមការងារទូកទាំងអស់ងាយស្រួលក្នុងការឡើងមកដីគោកស្នាក់នៅក្នុងរោង ដែលសាលារាជធានីភ្នំពេញរៀបចំជូន។

អនុគណៈកម្មការ គ្រប់គ្រងទូក ក៏បានសំណូមពរដល់គ្រប់រដ្ឋបាលខេត្ត និងអង្គភាព សូមសហការឱ្យបានល្អ ជាពិសេសត្រូវយកចិត្តទុកដាក់រឿងអនាម័យ វេចខ្ចប់សំរាមឱ្យបានល្អ ដើម្បីងាយស្រួលក្រុមការងារក្នុងការប្រមូល។

សូមបញ្ញាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺថ្ងៃព្រហស្បតិ៍ សុក្រ និងសៅរ៍ ទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយមានទូក ង ចូលរួមប្រកួនប្រជែងចំនួន៣៤៦ទូក លើសពីឆ្នាំកន្លងទៅ ៩ទូកនិងមានកីឡាករ ចំណុះទូកប្រមាណជាង២ម៉ឺននាក់ និងប្រទីបចំនួន៣៥ប្រទីប៕