(ព្រះវិហារ)៖ លេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងលើកចុងក្រោយ ដល់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនដឹកជញ្ជូនទំនិញ អ្នកប្រើប្រាស់ផ្លូវថ្នល់ អ្នកបើកបរយានយន្ត គ្រប់ប្រភេទ ពិសេសម្ចាស់យានយន្តធន់ធ្ងន់ ត្រូវរៀបចំយានយន្តឱ្យត្រឹមត្រូវតាមច្បាប់កំណត់ ក្នុងករណីមិនអនុវត្តពេលដែលក្រុមការងារចម្រុះចុះត្រួតពិនិត្យ ឃើញថាល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាកែច្នៃខុស លក្ខណៈបច្ចេកទេសនឹងធ្វើការផាកពិន័យអន្តរកាលតាមច្បាប់កំណត់។

យោងសេចក្តីជូនដំណឹងរបស់លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ បានបញ្ជាក់ថា បច្ចុប្បន្ននេះនៅមានយានយន្តមួយចំនួនបន្តល្មើសច្បាប់ចរាចរណ៍ផ្លូវគោក បើកបរក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដូចជា៖ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស តទ្រុងខាងលើ តរានក្រោយរថយន្ត យានយន្តដឹកជញ្ជូនទំនិញខុសលក្ខណៈបច្ចេកទេស តភ្លើងបំភ្លឺខុសលក្ខណៈបច្ចេកទេស ដឹកសំពីងសំពោង ប្រើប្រាស់ឯកសារក្លែងក្លាយ និងខ្វះឯកសារផ្សេងៗជាដើម។

លេខាធិការដ្ឋាននៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ សូមក្រើនរំលឹកដល់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនដឹកជញ្ជូនទំនិញ អ្នកប្រើប្រាស់ផ្លូវថ្នល់ អ្នកបើកបរយានយន្តគ្រប់ប្រភេទ ជាពិសេសអ្នកបើកបរយានយន្តធុនធ្ងន់ ត្រូវចូលរួមសហការគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកស្របតាមសេចក្តីជូនដំណឹងឱ្យមានប្រសិទ្ធភាព ចាប់ពីពេលនេះតទៅ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តព្រះវិហារ៖