(កំពង់ធំ)៖ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក នួន ផារ័ត្ម អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាប់ឆ្នោតទទួលយកដីសម្បទានសង្គមកិច្ច និងផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទីមួយនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជនចំនួន ៦៥គ្រួសារ ដែលគ្មានដី គ្មានផ្ទះ ឬមានផ្ទះរស់នៅមិនសមរម្យលើដីសាធារណៈ។ ពិធីនេះប្រព្រឹត្តទៅនៅឃុំក្រយា ស្រុក សន្ទុក ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្ដីអំពីបច្ចុប្បន្នភាពនៃការគ្រប់គ្រងអតីតយុទ្ធជននៅទូទាំងខេត្ត ក្នុងការរៀបចំដី សម្បទានសង្គមកិច្ច និងការសាងសង់ផ្ទះជូនដល់អតីតយុទ្ធជនក្នុងខេត្តកំពង់ធំ នាពេលកន្លងទៅ បានចំនួន៣៨៧ខ្នងផ្ទះ រួចមកហើយ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងនោះសាងសង់នៅលើដីសម្បទានសង្គមកិច្ចបានចំនួន១៤១ខ្នងផ្ទះ និងនៅតាមមូលដ្ឋាននានាទូទាំងខេត្តបានចំនួន ២៤៦ខ្នងផ្ទះ។

ឧត្ដមសេនីយ៍ត្រី ង៉ាង ស ប្រធានក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ក៏បានឡើងអានសេចក្ដីសម្រេចស្តីពីការកែសម្រួលសមាសភាពបណ្តាអង្គភាព មន្ទីរស្ថាប័នជុំវិញខេត្ត និងបណ្តាក្រុង ស្រុក ក្នុងការចងសម្ព័ន្ធមេត្រីភាព ជួយឧបត្ថម្ភដល់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនទាំង២០៦គ្រួសារផងដែរ។

លោក នួន ផារ័ត្ន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលជាអ្នកធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ។

លោកបានកោតសរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានខិតខំប្រឹងប្រែងពុះពារនូវរាល់ការលំបាកផ្សេងៗ ដើម្បីបម្រើដល់ក្រុមគ្រួសារអតីតយុទ្ធជននៅទូទាំងខេត្តកំពង់ធំបានល្អប្រសើរ ពិសេសទៅទៀតក៏បានយកចិត្ត ទុកដាក់យ៉ាងសកម្មក្នុងការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការដាំស្តារព្រៃឈើឡើងវិញនៅក្នុងខេត្តកំពង់ធំឲ្យទទួលបានជោគជ័យ។

លោក នួន ផារ័ត្ន បានផ្ដាំផ្ញើក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់សូមខិតខំថែរក្សាសុខភាពឱ្យបានល្អ ការរស់នៅលើដីសម្បទានសង្គមកិច្ច និងផ្ទះថ្មី ត្រូវខិតខំដាំដុះបង្កបង្កើនផល ចិញ្ចឹមសត្វដោះស្រាយជីវភាពគ្រួសារឲ្យបានល្អប្រសើរ ។ បន្ទាប់មកបងប្អូនអតីតយុទ្ធជនដែលមានការខ្វះខាតទាំង ៦៥គ្រួសារ បានដំណើរការចាប់ឆ្នោតទទួលយកដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារមួយហិចតា និងផ្ទះថ្មីមួយខ្នង ព្រមទាំងបានទទួលស្បៀងអាហារគ្រឿង ឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផងដែរ៕