(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មការទូក ដែលត្រូវដឹកនាំទូក ទៅចូលរួមពិធីប្រណាំងទូកនៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ នៅថ្ងៃទី ១៤-១៥-១៦ ខែវិច្ឆិកា នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ធំ។
លោក នួន ផារ័ត្ន បន្ថែមទៀតថា ទូកដែលមានឈ្មោះទៅចូលរួមពិធីប្រណាំងទូកនៅរាជធានីភ្នំពេញ ទទួលបានការឧបត្ថម្ភពីអ្នកកាន់ទូកហើយការជួយឧបត្ថម្ភគាំទ្រនេះមិនគ្រប់គ្រាន់ទៅនឹងការចំណាយនោះទេ ដូច្នេះស្នើដល់ អភិបាលក្រុងស្រុក សូមបន្តកៀងគរសប្បុរសជននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីសុំជាថវិកាក៏ដូចជាគ្រឿងឧបភោគបរិភោគបន្ថែមទៀត សម្រាប់ឧបត្ថម្ភទូកនៅក្នុងកម្លាំងពេលហាត់សម និងកំឡុងពេលអុំទូកនៅរាជធានីភ្នំពេញ។
លោកបានជំរុញឲ្យក្រុមកីឡាករទាំងអស់ ត្រូវសហការសាមគ្គីគ្នាល្អក្នុងការអុំដើម្បីទទួលបានជ័យជំនះក្នុងព្រះរាជពិធីបុណ្យអុំទូកអំបុកនិងសំពះព្រះខែនៅពេលខាងមុខនេះ។
សូមបញ្ជាក់ថា ទូកដែលមានឈ្មោះចូលរួមពិធីប្រណាំងទូកនៅរាជធានីភ្នំពេញមានចំនួន៩ទូក ក្នុងនោះរួមមាន៖
*ទី១៖ ចំប៉ាពិសីសែនជ័យ
*ទី២៖ ពោធិ៍អណ្តែតធិបតីសែនជ័យ
*ទី៣៖ ឌួងសូរិយាបុប្ផាស្ទឹងសែនបារមីក្តីដូង
*ទី៤៖ តាអោកតេជោសែនជ័យបារមីកំពង់ស្បូវ
*ទី៥៖ សែនសេរីមានជ័យ
*ទី៦៖ ចតុលោកតេជោសែនជ័យបារមីវត្តចតុលោក
*ទី៧៖ ស្រីស្រស់ស្ទឹងសែន
*ទី៨៖ តេជោសែនជ័យបារមីវត្តកងមាស
*ទី៩៖ ច័ន្ទមណីគគីរមានជ័យ៕