(តាកែវ)៖ អភិបាលខេត្តតាកែវលោក វ៉ី សំណាង នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ រួមនិងអាជ្ញាធរក្រុងដូនកែវ ចុះពិនិត្យបរិវេណទីតាំងជុំវិញបឹងតាកែវ ដែលស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ដើម្បីធ្វើការសិក្សាកែលម្អរសោភ័ណភាពត្រៀមរៀបចំពិធីបុណ្យទន្លេ នៅអំឡុងខែមីនា ឆ្នាំ២០២៥ខាងមុខ។
នៅក្នុងឱកាសចុះពិនិត្យទីតាំងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំទៅដល់អាជ្ញាធរក្រុងដូនកែវ និងរដ្ឋបាលព្រៃឈើខេត្ត និងអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នា ដាំកូនឈើប្រភេទកូនឈើទាល ឱ្យបានច្រើនឡើងថែមទៀត នៅតាមបណ្តោយច្រាំងពីខាងកើតមាត់បឹងតាកែវ ពិសេសគឺត្រូវសម្អាតផ្ទៃបឹងតាកែវ ឱ្យកាន់តែមានសោភ័ណភាពស្រស់បំព្រងឡើង ពោលគឺត្រូវធ្វើយ៉ាងណាប្រមូលស្មៅ ត្រគៀតចេញឱ្យអស់ពីផ្ទៃបឹង។
លោកអភិបាលខេត្តតាកែវ បានណែនាំអាជ្ញាធក្រុងដូនកែវ និងមន្រ្តីជំនាញត្រូវធ្វើយ៉ាងណាទប់ទឹកបឹងតាកែវនេះកុំឱ្យរីងនៅរដូវប្រាំងខាងមុខដែលត្រូវរៀបចំពិធីបុណ្យទន្លេ ហើយក៏ដើម្បីបង្កើនសោភ័ណ្ឌភាពក្រុង ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ឲ្យចូលមកលេងកម្សាន្តកាន់តែច្រើនឡើងនៅក្រុងដូនកែវ ដែលជាមជ្ឍមណ្ឌលពាណិជ្ជកម្មដ៏មានសារៈសំខាន់មួយរបស់ ខេត្តតាកែវ។
សូមបញ្ជាក់ថា ពិធីបុណ្យទន្លេ គឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍៕