(កំពង់ស្ពឺ)៖ ឆ្លើយតបតាមបទបញ្ជារបស់កងរាជអាវុហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ បានបើកវគ្គហ្វឹកហ្វឺន ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថ ក្នុងអង្គភាពចំនួន៣២នាក់ មកពីក្រុង ស្រុក ស្នាក់ការសន្តិសុខ ការិយាល័យចំណុះរបស់មន្ទីរទាំង៥។ ពិធីនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការអាវុធហត្ថខេត្ត និងថ្នាក់ដឹកនាំ មួយចំនួនទៀតផងដែរ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានថ្លែងថា សូមឲ្យប្រឹងប្រែងយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់លោកគ្រូជាយោធាចារ្យ មិនត្រូវអវត្តមានក្នុងម៉ោងរៀនសូត្រ ហើយការបើកវគ្គនេះ គឺបំប៉នស្មារតី គុណភាពការងារឲ្យមានភាពប្រសើរឡើង ហើយក៏ដូចជា ការដកស្រង់បច្ចេកទេសចំណេះដឹងពីអ្នកចេះច្រើន មកពន្យល់អ្នកចេះតិច ពីអ្នកចេះតិច មកពន្យល់ដល់អ្នកមិនចេះសោះ។
លោកមេបញ្ជាការ បានបញ្ជាក់ទៀតថា ដោយសារការគិតគូពីអង្គភាព តាំងពីថ្នាក់លើ ដល់ថ្នាក់ក្រោម ទើបបើកឲ្យមានវគ្គបំប៉នជាប្រចាំ ដើម្បីឲ្យកម្លាំងអាវុធហត្ថមានទាំងកម្លាំងកាយ ស្មារតី វិជ្ជាជីវៈ គុណភាព ដែលធានាដល់ការការពារសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ ហើយការហ្វឹកហ្វឺននេះបានធ្វើឲ្យថាមពល កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ ឈានទៅបម្រើជាតិមាតុភូមិ។
សូមបញ្ជាក់ថា ការបើកវគ្គនេះមានរយៈពេល១៥ថ្ងៃ ស្មើនឹង៧២ម៉ោង ដែលមានមុខវិជ្ជាយោធា មុខវិជ្ជាច្បាប់ បទបញ្ជា បទវិន័យទូទៅ និងវិជ្ជាជីវៈកងរាជអាវុធហត្ថ ផងដែរ៕