(កំពង់ស្ពឺ)៖ អភិបាលខេត្តរងកំពង់ស្ពឺលោក សុខ សុទ្ធី បានបង្ហាញក្តីរំពឹងថា ការរៀបចំវេទិកាថ្នាក់ខេត្តនឹងរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីធានាថាដំណើរការកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងបានបោះជំហានទៅមុខ ប្រកបដោយវិជ្ជមាន ពិសេសគឺពង្រឹងអភិបាលកិច្ចនៅមូលដ្ឋានកាន់តែសមស្របក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍនៅមូលដ្ឋាន។

លោកអភិបាលរងខេត្ត សុខ សុទ្ធី ថ្លែងដូច្នេះនៅក្នុងវេទិកាថ្នាក់ស្តីពីកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ធ្វើឡើងនៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោកក៏រំពឹងដែរថា វេទិកាថ្នាក់ខេត្តនឹងមានការចូលរួម ការគាំទ្រ និងការទទួលខុសត្រូវប្រកបដោយភាពម្ចាស់ការ ក្នុងការរួមគ្នារៀបចំនិងពង្រឹងអភិបាលកិច្ចនៅមូលដ្ឋានកាន់តែមានភាពធន រឹងមាំ មានសមត្ថភាព លទ្ធភាពសមស្របក្នុងការផ្តល់សេវាសាធារណៈនិងការអភិវឌ្ឍន៍មូលដ្ឋានឱ្យមានវឌ្ឍនភាព និងដំណើរការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងមានយន្តការតាមដាន ត្រួតពិនិត្យនិងវាយតម្លៃយ៉ាងច្បាស់លាស់ ហើយបញ្ហាប្រឈមនានាពាក់ព័ន្ធលើកិច្ចការកំណែទម្រង់នេះ ត្រូវបានលើកឡើងនិងបានកំណត់នូវវិធានការជាក់លាក់សំរាប់ដោះស្រាយតាមលំដាប់នៃថ្នាក់រដ្ឋបាលនីមួយៗ ទាំងនៅថ្នាក់ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់។

លោក សុខ សុទ្ធី បានលើកឡើងថា ការអនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រី អាជ្ញាធរមូលដ្ឋានក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ គឺពិតជាមិនបានគ្រប់ជ្រុងជ្រោយ និងទាន់សភាពការណ៍នោះទេ ហើយមានការងារខ្លះមន្ត្រីអនុវត្តក៏មិនបានល្អប្រសើរនោះដែរ។ ប្រការនេះបានបង្កនូវការថ្នាំងថ្នាក់ និងបាត់បង់នូវទំនុកចិត្តពីប្រជាពលរដ្ឋមកលើមន្ត្រីអ្នកអនុវត្តតួនាទី ហើយក្នុងនោះក៏មានបញ្ហាប្រឈមមួយចំនួនដល់មន្ត្រីដែលមិនអាចបញ្ចេញនូវឆន្ទះអនុវត្តតូនាទី ភារកិច្ចរបស់ខ្លួនផងដែរ។

អភិបាលរងខេត្តកំពង់ស្ពឺបានលើកឡើងថា មានបញ្ហាប្រឈមមួយចំនួនត្រូវបានកើតឡើង និងដោះស្រាយដោយឃុំ-សង្កាត់ បញ្ហាដែលបានកើតឡើងនៅក្រុងស្រុក និងបញ្ហាប្រឈមនានាដែលស្នើឡើងដោយរដ្ឋបាលឃុំ-សង្កាត់ រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលខេត្តសម្រាប់រៀបចំអនុវត្តចាត់ចែងតាមថ្នាក់ រដ្ឋបាលក្នុងខេត្តពិនិត្យពិភាក្សាដោះស្រាយ និងស្នើសុំអន្តរាគមន៍ទៅក្រសួងស្ថាប័នថ្នាក់ជាតិ ដើម្បីជួយដោះស្រាយ។

ដើម្បីឱ្យដំណើរដោះស្រាយទទួលបាននូវយុត្តិធម៌និងមានទំនុកចិត្តពីប្រជាពលរដ្ឋ រដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ
និងវិសហមជ្ឈការលើលិខិតបទដ្ឋានគតិយុត្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងជំរុញដល់មន្ត្រីផ្ដល់សេវានៅតាមមន្ទីរ អង្គភាព រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យឆាប់រហ័ស និងមានភាពល្អប្រសើរ តម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលា ធ្វើយ៉ាងណាឱ្យពលរដ្ឋកាន់តែមានទំនុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល៕