(កំពង់ចាម)៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោកស្រី ប៉ាង ដានី អភិបាលរងខេត្ត រួមទាំងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមលើកទី១ អាណត្តិទី៤ ប្រចាំឆ្នាំ២០២៤ នៅបរិវេណ វត្តខេមវ័ន្តបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម បានទទួលសំណើ និងសំណូមពរពីប្រជាពលរដ្ឋ៣៤ករណី ដោយបានដោះស្រាយភ្លាមៗ ចំនួន៧ករណី និងផ្ទេរសមត្ថកិច្ច១ នៅសេសសល់អង្គវេទិកាបាន ទទួលយកទៅពិភាក្សាដោះស្រាយបន្ត ទៅតាមនីតិវិធីរដ្ឋបាល។
លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងក្នុងឱកាសបិទអង្គវេទិកានោះថា តាមរយៈអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់យើងនាពេលនេះ ពិតជាបានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋទទួលបាននូវព័ត៌មាន និងបានស្តាប់របាយការណ៍បូកសរុបលទ្ធផលការងារដែលក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសម្រេចបានក្នុងឆ្នាំកន្លងទៅហើយក៏ជាឱកាសមួយសម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណួរ និងសំណូមពរដើម្បីក្រុមប្រឹក្សា ធ្វើការពិភាក្សា និងឆ្លើយតប។
វេទិកាថ្ងៃនេះ ក៏បានបង្ហាញអំពីតួនាទីក្រុមប្រឹក្សា ព្រមទាំងលទ្ធផលសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាន តាមរយៈការអនុវត្តសកម្មភាពរយៈពេលកន្លងមកក្នុងការឆ្លើយតបជាមួយម្ចាស់ឆ្នោតជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម។
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់យើងទាំងអស់គ្នា បានពិភាក្សាពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាអាទិភាពសំខាន់ៗសម្រាប់រដ្ឋបាលខេត្តយកទៅពិនិត្យពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលក្នុងកិច្ចអភិវឌ្ឍន៍ខេត្តឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
វេទិកានាពេលនេះ បានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមរបស់ប្រជាពលរដ្ឋយ៉ាងសកម្មក្នុងការលើកឡើងជាសំណួរ ក្ដីកង្វល់ សំណើ សំណូមពរ និងបានឆ្លើយតប និងបកស្រាយបំភ្លឺនូវសំណួរ និងសំណូមពរបានមួយចំនួន សំណួរ និងសំណូមពរដែលនៅសេសសល់ និងត្រូវបានយកទៅពិភាក្សាដោះស្រាយនៅពេលក្រោយតាមប្រភេទរដ្ឋបាលនីមួយៗ៕