(ស្ទឹងត្រែង)៖ ប្រធានមន្ទីរផែនការខេត្តស្ទឹងត្រែង លោក លី ប៊ុនឡោម នាព្រឹកថ្ងៃទី៧ ខែវិចិ្ចកា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីវឌ្ឍនភាពងារ និងផ្សព្វផ្សាយទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យថ្នាក់ខេត្តសម្រាប់ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក-លោកស្រីដែលជាគណៈអភិបាលក្រុង-ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ដ និងមន្ត្រីបច្ចេកទេសអត្តសញ្ញាណកម្មគ្រួសារក្រីក្រជាច្រើនរូប។
អង្គប្រជុំបានផ្សព្វផ្សាយអំពីការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រថ្មី ដល់បណ្តាមន្ទីរ-អង្គភាពជុំវិញខេត្ត និងអ្នកផ្តល់សេវា ជាពិសេសអាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញការផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋឲ្យបានយល់ទូលំទូលាយពីការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងកំណត់គ្រួសារងាយរងហានិភ័យ។
ប្រធានមន្ទីរផែនការខេត្តស្ទឹងត្រែង ក៏បានផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការប្រើប្រាស់កម្មវិធីសាធារណៈ (Public IDPoor App) ក្រៅពីនេះ អង្គប្រជុំមានការជំរុញដំណើរការកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យ ដើម្បីទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាល សម្រាប់ជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ និងផលប៉ះពាល់នៃអតិផរណា។
ចំណុចមួយទៀត គឺការផ្ដល់ឱកាសឲ្យមន្ទីរអង្គភាព អ្នកផ្ដល់សេវានានា អ្នកពាក់ព័ន្ធទាំងអស់ទទួលព័ត៌មានស្ដីពីប្រភពទិន្នន័យការប្រើប្រាស់ទិន្នន័យគ្រួសារក្រីក្រ ដើម្បីផ្ដល់សេវាដល់គ្រួសារក្រីក្រឱ្យចំគោលដៅ។
លោកប្រធានមន្ទីរ លី ប៊ុនឡោម បានលើកឡើងអំពីស្ថានភាពភូមិសាស្ត្រក្នុងខេត្ត និងបានគាំទ្រយ៉ាងពេញទំហឹងលើដំណើរការនៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រសម្រាប់ខេត្តស្ទឹងត្រែង ពីព្រោះទិន្នន័យនេះមានសារៈសំខាន់ណាស់សម្រាប់ធ្វើជាមូលដ្ឋានក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍នៅក្នុងខេត្តទាំងមូល។
ជាមួយគ្នានោះ លោកប្រធានមន្ទីរបានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមសហការសម្របសម្រួល តាមដាន ត្រួតពិនិត្យ និងណែនាំជាប្រចាំទៅដល់ថ្នាក់មូលដ្ឋានឲ្យចូលរួមចំណែកសម្របសម្រួល ក្នុងការអនុវត្តការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដើម្បីឲ្យការងារនេះទទួលបាននូវលទ្ធផលល្អប្រសើរ និងមានភាពសុក្រឹត្យដែលអាចជឿទុកចិត្តបាន៕