(កណ្ដាល)៖ ក្រោយអភិបាលស្រុកពញាឮ ចុះផ្ដល់ព័ត៌មានដល់ពលរដ្ឋអ្នករស់នៅម្ដុំក្រោមស្ពានព្រែកក្ដាម ស្ដីពីគម្រោងរៀបចំសណ្ដាប់ធ្នាប់ កសាងសួនច្បារលើកមុខមាត់សម្រស់ស្ពានព្រែកក្ដាមទាក់ទាញភ្ញៀវទេចរណ៍រួចមក ពេលនេះអាជ្ញាធរចាប់ផ្ដើមសម្អាត រុះរើ ដើម្បីរៀបចំឲ្យស្អាតជាដំណាក់ដំបូង ដើម្បីប្រែក្លាយម្ដុំស្ពានព្រែកក្ដាមឲ្យមានសោភ័ណ្ឌភាពស្អាត មានសណ្ដាប់ធ្នាប់ របៀបរៀបរយល្អ ធ្វើសួនច្បារឲ្យស្អាត កន្លែងហាត់ប្រាណ ទាក់ទាញភ្ញៀវទេសចរណ៍មកលេងឲ្យបានច្រើនៗ។
ថ្លែងផ្ដល់បទសម្ភាសន៍មកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្ត, លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានថ្លែងថា ចាប់ពីថ្ងៃនេះទៅ អាជ្ញាធរបានចុះមកជួយពលរដ្ឋរៀបចំសម្អាត រុះរើសំណង់មិនរៀបរយ ហើយផ្ទះខ្លះសុំពេល២ ទៅ៣ថ្ងៃដើម្បីរុះរើខ្លួន ដែលសកម្មភាពនៃការចូលរួមនេះ ពិតជាបង្ហាញឲ្យឃើញពីឆន្ទៈពលរដ្ឋល្អក្នុងការរួមគ្នារៀបចំកន្លែងនេះឲ្យស្អាត ធ្វើសួនច្បារ កន្លែងហាត់ប្រាណ រៀបចំមាត់ទន្លេក្រោមស្ពាន ជាកន្លែងលំហែរអារម្មណ៍ រ៉ូមែនទិក ជាដើម ។
លោកអភិបាលស្រុកដាក់ក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្រោយសិក្សាគម្រោង គូសប្លង់ចប់ នោះទីតាំងម្ដុំក្រោមស្ពានព្រែកក្ដាម នឹងកាន់តែមានសោភ័ណ្ឌភាពស្អាតឡើង ពិសេសស្ពាននេះមានទីតាំងនៅមិនឆ្ងាយពីរមណីយដ្ឋាន ភ្នំព្រះរាជទ្រព្យ ដែលជាទីចតលំហែអារម្មណ៍មាត់ទន្លេបាសាក់ គយគន់ទេសភាពទន្លេក្រោមស្ពាន ជាមួយនឹងខ្យល់អាកាសល្អបរិសុទ្ធបក់មករវិចៗៗ ល្ហែល្ហើយបាត់អស់ទុក្ខកង្វល់ទាំងឡាយ បន្សល់តែស្នាមញញឹមរីករាយ។
បន្ទាប់មកក៏អញ្ជើញទៅលេងកម្សាន្តភ្នំព្រះរាជទ្រព្យទៀត ដែលតំបន់នេះ ជាទីរមណីយដ្ឋានប្រវត្តិសាស្ត្រផង ហើយទេសភាពសួនច្បារក្រោមស្ពានក៏រឹតតែស្អាតទៀត ដែលនេះហើយជាការរៀបចំទាក់ទាញភ្ញៀវទេសចរណ៍ មកលេងកម្សាន្ត៕