(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំ ស្តីពីការពង្រឹងគុណភាព នៃការគ្រប់គ្រង និងប្រពន្ធ័បញ្ជូនជំងឺ តាមរថយន្តគិលានសង្គ្រោះបន្ទាន់ ទៅមូលដ្ឋានសុខាភិបាលឯកជន ក្នុងរាជធានីភ្នំពេញ នៅមន្ទីរសុខាភិបាល នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ ដែលធ្វើការងារក្នុងវិស័យសុខាភិបាល ត្រូវប្រកាន់ខ្ជាប់ក្រមសិលធម៌ វិជ្ជាជីវៈដោយឈរលើទស្សនៈធ្វើទង្វើរល្អ កុំសាងអំពើបាបទៅលើអ្នកជំងឺ។
លោក ង៉ូវ កាង បន្តថា ក្រសួងសុខាភិបាលមិនមានការគាបសង្កត់ទៅលើសកម្មភាពរកស៊ី ចំពោះគ្លីនិក, មន្ទីរពហុព្យាបាលឯកជននោះឡើយ បើបងប្អូនអនុវត្តបានត្រឹមត្រូវ តាមច្បាប់កំណត់ ដោយឈរលើគុណភាព, សុវត្ថិភាព អាចទុកចិត្តបានរួមទាំងអាកប្បកិរិយា ពាក្យសំដី ក៏ដូចសំលៀកបំពាក់ឲ្យបានសមរម្យជាគ្រូពេទ្យ ព្រោះវាជាកិត្តិយសសំរាប់ខ្លួនយើងផង សំរាប់ស្ថាប័នផង ក៏ដូចសំរាប់ រាជរដ្ឋាភិបាលផងដែរ។
គួរបញ្ចប់ពាក្យដៀលត្មេះពីមហាជនខ្លះ ដែលធ្លាប់កើតមានកន្លងមក លើគ្រូពេទ្យ១ចំនួនតូច ដែលប្រព្រឹត្តខុសឆ្គងទៅលើអ្នកជំងឺ ព្រោះតែលាភសក្ការៈ ដែលធ្វើឱ្យខូចឈ្មោះពេទ្យខ្មែរទាំងមូល។ ពាក់ពន្ធ័ទៅនឹងរថយន្ត គិលានសង្គ្រោះ, លោក ង៉ូវ កាង បានបញ្ជាក់ថា រថយន្តត្រូវមានបរិក្ខារពេទ្យ បំពាក់គ្រប់គ្រាន់ និងមានគ្រូពេទ្យនៅជាមួយ។ មិនអនុញ្ញាតឲ្យរថយន្តគិលានសង្គ្រោះឯកជន ដឹកអ្នកជំងឺដោយគ្រោះថ្នាក់ចរាចរណ៍ទេ អាចត្រឹមជួយ សង្គ្រោះបឋម មុននឹងដឹកទៅដល់មន្ទីរពេទ្យរដ្ឋ ដែលមានបរិក្ខាពេទ្យគ្រប់គ្រាន់ជាង។
លោក អ៊ីមរ៉ន ហាស្សាន់ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការពង្រឹង និងចាត់វិធានការ ចំពោះការប្រើប្រាស់រថយន្តគិលានសង្គ្រោះបន្ទាន់ ខុសពីការណែនាំរបស់ក្រសួងសុខាភិបាល ដែលហាមឃាត់មិនអនុញ្ញាតឱ្យមូលដ្ឋានសុខាភិបាលឯកជន យករថយន្តគិលានសង្គ្រោះបន្ទាន់របស់ខ្លួនទៅដឹកអ្នករងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវសាធារណៈ មកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួនជាដាច់ខាត។
ក្រៅពីនេះ ក៏នៅមានឃើញឡានពេទ្យឯកជន១ចំនួនទៀត ដែលពុំមានឈ្មោះគ្លីនិក ទៅដឹកជនរងគ្រោះថ្នាក់ចរាចរណ៍ និងសាកសពគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវរហូតមានការឈ្លោះប្រកែកដណ្តើមគ្នាយ៉ាង អានាធិបតេយ្យ ដែលជាកត្តាជះឥទ្ធិពលមិនល្អ ដល់វិស័យសុខាភិបាល។
លោក ងី មានហេង នាយកមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គ្លីនីកឯកជននៅរាជធានីភ្នំពេញ មានចំនួន៣៣៧កន្លែង ក្នុងនោះគ្លីនិក ដែលមានរថយន្តគិលានសង្គ្រោះបន្ទាន់មានចំនួន៨០កន្លែង។ ជាគោលការណ៍ ក្រសួងសុខាភិបាល បានណែនាំឲ្យគ្រប់គ្លីនិកត្រូវមានរថយន្តគិលានសង្គ្រោះបន្ទាន់គ្រប់ទីតាំងគ្លីនិកទាំងអស់ យើងនឹងពិនិត្យលើការងារនេះ៕